(អាត្លង់តា)៖ ខ្យល់ព្យុះត្រូពិកឈ្មោះ ក្លដដេត (Claudette) បានផ្ដាច់ជីវិតមនុស្ស ១២នាក់នៅក្នុងរដ្ឋអាឡាបាម៉ា (Alabama) ខណៈវាបានបោកបក់ឆ្លងកាត់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក និងបានបង្កឱ្យកើតមានព្យុះកួចកំណាចថូណាដូ (Torndoes) និងគ្រោះទឹកជំនន់ផងដែរ ដែលបានបំផ្លាញផ្ទះសម្បែងរាប់សិបខ្នង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។

ខ្យល់ព្យុះកួចដ៏កំណាច Torndoes ដែលត្រូវបានបង្កឡើង នៅក្នុងកំឡុងពេលកើតមានខ្យល់ព្យុះត្រូពិក Claudette បានធ្វើឱ្យមនុស្ស ១០នាក់ស្លាប់ កាលពីចុងសប្ដាហ៍កន្លងទៅ (ពេលវេលានៅអាមេរិក) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយនៅចម្ងាយប្រហែល ៥៥គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង ម៉ុនហ្គោម៉ឺរី (Montgomery) រដ្ឋ Alabama ខណៈមនុស្សជាច្រើនទៀត ក៏បានរងរបួសផងដែរ។

បើតាមអ្នកធ្វើកោសលវិច្ច័យនៅតំបន់ បាត្លឺ ខោនធី (Butler County) បានគូសបញ្ជាក់ថា យានជំនិះដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទំនងជាត្រូវបានព្យុះកួច នាំឲ្យរអិលចង្កូតនៅលើផ្លូវសើម។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានក្មេងចំនួន ០៩នាក់ អាយុចន្លោះពី ០៩ខែទៅ ១៧ឆ្នាំ និងបុរសម្នាក់ដែលអាយុ ២៩ឆ្នាំ។ ដោយឡែកមនុស្ស ០២នាក់ទៀតដែលរស់នៅទីក្រុង ទូស្កាលូសា (Tuscaloosa) រដ្ឋ Alabama ក៏បានស្លាប់ផងដែរ ដោយសារដើមឈើរលំសង្កត់ ដោយពួកគេជាបុរសអាយុ ២៤ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ០៣ឆ្នាំម្នាក់។

គួរបញ្ជាក់ថា ករណីស្លាប់នេះបានកើតឡើងនៅពេលមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើងនៃរដ្ឋ Alabama និងរដ្ឋ ចរចៀ (Georgia) កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន។ ទឹកភ្លៀងប្រហែល ៣០សង់ទីម៉ែត្រ ត្រូវបានគេរាយការណ៍នៅតាមបណ្តោយឈូងសមុទ្ររដ្ឋ មីស៊ីស៊ីពពី (Mississippi)៕