(អាមេរិក)៖ អ្នកទោស ៣នាក់នៅពន្ធនាគារ ហ្គាន់តាណាម៉ូ (Guantanamo Bay) របស់សហរដ្ឋអាមេរិកត្រូវគេរំពឹងថា នឹងមានឱកាសឡើងតុលាការជាលើកដំបូង ក្រោយត្រូវឃុំខ្លួនអស់រយៈពេលរហូតដល់ទៅ ១៨ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ករណីបំផ្ទុះគ្រាប់បែកនៅកោះបាលី កាលពីឆ្នាំ២០០២ ព្រមទាំងគម្រោងការអាក្រក់ៗផ្សេងទៀត នៅតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

អ្នកទោសទាំង ៣នាក់ខាងលើ ក្នុងនោះមានម្នាក់ជាជនជាតិឥណ្ឌូណេស៉ី និង ២នាក់ជាជនជាតិម៉ាឡេស៉ី នឹងត្រូវនាំខ្លួនឡើងតុលាការ នៅចំពោះមុខគណៈកម្មការយោធាមួយនាថ្ងៃចន្ទនេះ ក្រោមបទចោទប្រកាន់ដូចជាមនុស្សឃាត ការរៀបគម្រោងការអាក្រក់ និងភេរវកម្ម។ អ្នកទោសជាជនជាតិឥណ្ឌូណេស៉ី ឈ្មោះ អ៊ែនសិព ណឺរចាម៉ាន់ (Encep Nurjaman) គឺជាមេដឹកនាំក្រុមសកម្មប្រយុទ្ធមួយ នៅតំបន់អាស៉ីអាគ្នេយ៍ ហៅថា ចេម៉ាអាហ៍ អ៊ីស្លាមីយ៉ាហ៍ (Jemaah Islamiyah) ដែលមានទំនាក់ទំនងជាមួយកុ្រមអាល់កៃដា។

បើតាមសហរដ្ឋអាមេរិក ជន Nurjaman បានកេណ្ឌសមាជិក រួមមានអ្នកទោសជនជាតិម៉ាឡេស៉ីទាំងពីរនាក់ខាងលើ គឺឈ្មោះ ពិន ឡេព (bin Lep) និងឈ្មោះ ម៉ូហាំម៉ាត់ ហ្វារីក ពិន អាមីន (Mohammed Farik bin Amin) សម្រាប់ការធ្វើប្រតិបត្តិការរបស់ខ្លួន។ ក្នុងចំណោមគម្រោងការអាក្រក់ៗ ដែលជាស្នាដៃរបស់ក្រុមអាល់កៃដា និងក្រុម Jemaah Islamiyah គឺសកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីខែតុលា ឆ្នាំ២០០២ លើក្លឹបរាត្រីពីរកន្លែង នៅកោះបាលី នៃប្រទេសឥណ្ឌូណេស៉ី និងករណីបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានីហ្សាការតា កាលពីខែសីហា ឆ្នាំ២០០៣។

ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកទាំងនោះ បានផ្តាច់ជីវិតមនុស្សសរុបចូលគ្នា ២១៣នាក់ រួមមានជនជាតិអាមេរិក ៧នាក់ និងបង្កឲ្យរបួស ១០៩នាក់ រួមមានជាតិអាមេរិក ០៦នាក់។ ជនរងគ្រោះភាគច្រើនជាទេសចរបរទេស និងជាជនជាតិអូស្រ្តាលី។ អ្នកទោសទាំង ៣នាក់ខាងលើ ត្រូវបានចាប់ខ្លួននៅប្រទេសថៃ កាលពីឆ្នាំ២០០៣ ហើយត្រូវបានបញ្ជូនទៅកាន់ កន្លែងឃុំឃាំងសម្ងាត់របស់ចារកម្មអាមេរិក CIA និង ស្ថិតក្រោមការឃុំខ្លួនរបស់ CIA អស់រយៈពេល ៣ឆ្នាំ មុនពេលត្រូវផ្ទេរទៅកាន់ពន្ធនាគារ Guantanamo Bay កាលពីឆ្នាំ២០០៦ ជាទីដែលពួកគេ ត្រូវជាប់ឃុំរហូតមកទល់សព្វថ្ងៃ៕