(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនទើបតែទទួលជោគជ័យជាថ្មីទៀត ក្នុងការបាញ់បង្ហោះយាន Tianzhou-3 ដើម្បីនាំយកសម្ភារៈផ្គត់ផ្គង់ឡើងទៅ ស្ថានីយអវកាសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

យាន Tianzhou-3 ត្រូវបានបាញ់បង្ហោះឡើង តាមរយៈគ្រាប់រ៉ុក្កែត Long March-7 Y4 ចេញពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Wenchang ដែលស្ថិតនៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន កាលពីវេលាម៉ោង០៣៖១០នាទីរសៀល (ពេលវេលានៅទីក្រុងប៉េកាំង)។ វាបានទៅដល់ គន្លងអវកាសដែលជាគោលដៅ ក្នុងរយៈពេល៩នាទី ៥៧វិនាទី ដើម្បីឆ្ពោះទៅចូលចតភ្ជាប់ជាមួយ កំណាត់បន្ទប់ស្ថានីយអវកាស Tianhe។

បេសកកម្មខាងលើនេះ ជាផ្នែកនៃកិច្ចប្រឹងប្រែងសង់ផ្គុំ ស្ថានីយអវកាសផ្ទាល់ខ្លួន របស់ប្រទេសចិន។ បេសកកម្មកន្លងមក រួមមានយាន Tianzhou-2 ដែលជាការដឹកសម្ភារៈផ្គត់ផ្គង់ជើងទីមួយ ទៅកាន់កំណាត់បន្ទប់ Tianhe និងយាន Shenzhou-12 ដែលជាការដឹកអវកាសយានិក ៣នាក់ ទៅកាន់ទីនោះ។ អវកាសយានិកចិនទាំង៣រូប ទើបតែបានត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្រោយស្នាក់នៅ ក្នុងទីអវកាសរយៈពេល៩០ថ្ងៃ។

គួរបញ្ជាក់ថា យោងតាមផែនការគ្រោងទុក ជាជំហានបន្ទាប់ ចិននឹងចេញបេសកកម្ម Shenzhou-13 ដើម្បីបញ្ជូនអវកាសយានិក ៣នាក់ទៀត ឡើងទៅកាន់ស្ថានីយអវកាសខ្លួន។ ពួកគេនឹងត្រូវស្នាក់នៅក្នុងបន្ទប់ស្ថានីយអវកាស Tianhe រហូតដល់កន្លះឆ្នាំ៕