(ប៉ារីស)៖ ក្រុមហ៊ុនបារាំង Alstom នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្តល់នូវរថភ្លើងដឹកអ្នកដំណើរឱ្យទីក្រុងមែលប៊ន (Melbourne) នៃរដ្ឋវិចតូរៀ (Victoria) ប្រទេសអូស្រ្តាលី ខណៈទំនាក់ទំនងការទូតរវាងបារាំង និងអូស្ត្រាលីកំពុងស្ថិតនៅក្នុងវិបត្តិ ជុំវិញការលុបចោលកិច្ចព្រមព្រៀង នាវាមុជទឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមហ៊ុន Alstom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងផ្គត់ផ្គង់រថភ្លើងប្រភេទ X'trapolis ចំនួន ២៥គ្រឿងដល់ទីក្រុងដែលមានប្រជាជនច្រើនបំផុតទី២ របស់ប្រទេសអូស្រ្តាលីមួយនេះ ក្នុងកិច្ចព្រមព្រៀងនូវចំនួនទឹកប្រាក់ ៣៥១លានដុល្លារអាមេរិក។ ក្រុមហ៊ុន Alstom បានបន្ថែមថា រថភ្លើងនឹងត្រូវបានផលិតនៅក្នុងរដ្ឋ Victoria ខណៈក្រុមហ៊ុននេះមានរោងចក្រផលិតនៅទីក្រុង Ballarat ដែលស្ថិតនៅជិតទីក្រុង Melbourne។

នាយកគ្រប់គ្រងក្រុមហ៊ុន Alstom ប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ លោក Mark Coxon បាននិយាយថា «ក្រុមហ៊ុន Alstom មានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការបន្តភាពជាដៃគូរយៈពេលវែងរបស់ខ្លួនជាមួយរដ្ឋាភិបាលអូស្រ្តាលី និងការផ្គត់ផ្គង់ក្នុងស្រុកដែលនឹងធានាថា យើងបន្តផលិតរថភ្លើងសម្រាប់រដ្ឋ Victoria នៅក្នុងរដ្ឋ Victoria តែម្ដង»៕