(ហ្សាកាតា)៖ ឥណ្ឌូនេស៊ីនៅថ្ងៃចន្ទនេះបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ចំនួន១,៩៣២ករណី ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២០ ខណៈរដ្ឋាភិបាលបានសម្រេចបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតនៅកោះជ្វា និងកោះបាលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

មន្រ្តីខុទ្ទកាល័យជាន់ខ្ពស់លោក Luhut Pandjaitan បានឲ្យដឹងថា ឥណ្ឌូណេស៊ីដែលជាចំណុចកណ្តាល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលបានរាយការណ៍ពីការឆ្លងសរុបជិត៤.២លាននាក់ និងមានអ្នកស្លាប់ជាង១៤ម៉ឺននាក់ ឥឡូវនេះប្រទេសអាស៊ានមួយនេះមើលឃើញការធ្លាក់ចុះនៃករណីឆ្លងថ្មីប្រចាំថ្ងៃរហូតដល់ ៩៨ ភាគរយ ពីកម្រិតខ្ពស់បំផុតក្នុងខែកក្កដា។

ទោះយ៉ាងណា លោក Luhut បានព្រមានថា ហានិភ័យនៃរលកឆ្លងថ្មីអាចនឹងកើតមានម្តងទៀត ហើយវិធានការសុខាភិបាលនឹងត្រូវពង្រឹងកាន់តែតឹងរ៉ឹង។ លោកបានសង្កត់ធ្ងន់ថា ហានិភ័យគឺមកពីបរទេស ពីព្រោះចំនួនករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសជិតខាងនៅតែខ្ពស់នៅឡើយ។

គួរបញ្ជាក់ថា ចំពេលមានការធ្លាក់ចុះ នៃករណីឆ្លងកូវីដ១៩នេះ កាលពីសប្តាហ៍មុនរដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេស មកទស្សនាកោះបាលី ចាប់ពីខែតុលា៕