(កាប៊ុល)៖ រដ្ឋមន្ត្រីការបរទេសស្តីទី នៃរដ្ឋបាលអាហ្វហ្កានីស្ថានដែលទើបបង្កើតថ្មីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាហ្វហ្គានីស្ថានចង់មានទំនាក់ទំនងជាមិត្តភាពជាមួយសហគមន៍អន្តរជាតិទំាងអស់ រួមទាំងប្រទេសជិតខាងនិងតំបន់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។

លោក Amir Khan Muttaqi បាននិយាយនៅក្នុងសុន្ទរកថារបស់លោក នៅក្នុងពិធីមួយដែលធ្វើឡើងដើម្បីណែនាំរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មយ៉ាងដូច្នេះថា «រដ្ឋអ៊ីស្លាម(អាហ្វហ្គានីស្ថាន)ចង់មានទំនាក់ទំនងជាមិត្តភាពជាមួយសហគមន៍អន្តរជាតិទាំងអស់ រួមទាំងបណ្តាប្រទេសជិតខាងនិងតំបន់ផងដែរ»

លោក Muttaqi ក៏បាននិយាយផងដែរថា អាហ្វហ្គានីស្ថាននឹងមិនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយរដ្ឋបាលថ្មីនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើដីអាហ្វហ្គានីស្ថានដើម្បីប្រឆាំងនឹងនរណាម្នាក់ដែរ។

លោកបានមានប្រសាសន៍ថា «អាហ្វហ្គានីស្ថានដែលមានសន្តិភាពនិងស្ថិរភាព គឺជាផលប្រយោជន៍របស់ប្រទេសជិតខាង តំបន់ និងពិភពលោកទាំងមូល។ ហើយការដាក់សម្ពាធលើអាហ្វហ្គានីស្ថាន នឹងមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ»