(រីយ៉ាដ)៖ ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថាមនុស្សយ៉ាងហោច ១០នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូន នៅឯអាកាសយានដ្ឋាន King Abdullah ស្ថិតនៅឯទីក្រុង Jizan នៃភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីយប់ថ្ងៃសុក្រ និងព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១។

នៅក្នុងចំណោមអ្នករងរបួសខាងលើ មានជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ៦នាក់, បង់ក្លាដែស ៣នាក់ និងជនជាតិស៊ូដង់ម្នាក់ ខណៈអគារមួយចំនួននៅឯអាកាស យានដ្ឋាន King Abdullah ក៏បានរងការខូចខាតផងដែរ នៅក្នុងការវាយប្រហារលើកទី១ កាលពីយប់ថ្ងៃសុក្រ។ ចំណែកឯ ការវាយប្រហារដោយយន្ដហោះដ្រូន បំពាក់គ្រឿងផ្ទុះលើកទី២ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ប៉ុន្តែមិនមានព័ត៌មានបញ្ជាក់លម្អិតពីជនរងគ្រោះនៅឡើយទេ។

គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារទាំង២ខាងលើនោះទេ តែជារឿយៗអារ៉ាប៊ីសាអូឌីតតែងតែអះអាងថា ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយ៉េមែន គឺជាអ្នកនៅពីក្រោយការវាយប្រហារបែបនេះ៕