(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនឹងដកការរឹតត្បឹតលើការធ្វើដំណើរ តាមព្រំដែនដីគោករបស់ខ្លួនជាមួយប្រទេសកាណាដា និងម៉ិចស៉ីកូ ចំពោះជនបរទេសដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) រួចរាល់នៅដើមខែវិច្ឆិកាខាងមុខនេះ ដែលជាការបញ្ចប់ការហាមឃាត់ ចំពោះអ្នកដំណើរដែលមិនចាំបាច់ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០កន្លងមកនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១។

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោក អាឡេចានដ្រូ ម៉ាយូកាស (Alejandro Mayorkas) បានថ្លែងថា នៅខែក្រោយនេះ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមអនុញ្ញាត ឱ្យអ្នកដំណើរមកពីប្រទេសកាណាដា និងម៉ិចស៉ីកូដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ចូលមកកាន់ប្រទេសនេះ ទោះក្នុងករណីមិនចាំបាច់ក្តី បូករួមទាំងការមកលេងមិត្តភក្តិ ឬក្រុមគ្រួសារ ការធ្វើដំណើរទេសចរតាមរយៈការឆ្លងកាត់ព្រំដែនដីគោក និងតាមទូកផងដែរ។

ប្រធានព្រឹទ្ធសភាសំឡេងភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ លោក ឆាក់ ស្កាំមើរ (Chuck Schumer) បានកោតសរសើរចំពោះចំណាត់ការដកការរឹតត្បិត ដែលកន្លងមកបានធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន និងបានរារាំងដល់ការមកជួបជុំមិត្តភក្តិ និងក្រុមគ្រួសារអស់រយៈពេល ១៩ខែមកនេះ។ លោក Chuck Schumer បានលើកឡើងយ៉ាងដូច្នេះថា «ចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ចាប់ផ្តើមផ្ទុះឡើង សមាជិកសហគមន៍ឆ្លងដែនរួមគ្នារបស់យើង បានទទួលអារម្មណ៍នៃការឈឺចាប់ និងការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារការបិទព្រំដែនដីគោក ប៉ុន្តែការឈឺចាប់នេះជិតត្រូវបញ្ចប់ហើយ»

គួរបញ្ជាក់ថា អ្នកដំណើរដែលមិនបានទទួលការចាក់វ៉ាក់សាំង នឹងនៅតែត្រូវបានហាមឃាត់ មិនឱ្យចូលមកកាន់សហរដ្ឋអាមេរិកពីប្រទេសកាណាដា ឬម៉ិចស៉ីកូតាមរយៈការឆ្លងកាត់ព្រំដែនដីគោកដដែល។ បើតាមមន្រ្តីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កាលបរិច្ឆេទច្បាស់លាស់ ដែលនឹងត្រូវប្រកាសដកវិធានការរឹតត្បិត លើការធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាស នឹងត្រូវប្រកាសចេញ «ក្នុងពេលឆាប់ៗនេះ»