(វ៉ាស៊ីនតោន)៖ ប្រមុខអង្គការរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចរជាវ៉ា (Kristalina Georgieva) នៅថ្ងៃពុធសប្ដាហ៍នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាប្រទេស G20 លើផែនការសេដ្ឋកិច្ចថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យបណ្ដាប្រទេសអ្នកមានៗជាសមាជិក IMF បរិច្ចាគទុនបម្រុងរបស់ពួកគេដល់បណ្ដាប្រទេសដទៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

ផែនការសេដ្ឋកិច្ចថ្មីខាងលើ ឬហៅកាត់ថា RST មានគោលដៅអនុញ្ញាតឱ្យសមាជិក IMF ផ្ដល់កម្ចី ឬបរិច្ចាគទុនបម្រុង ៦៥០ពាន់លានដុល្លាររបស់ពួកគេក្នុង IMF ក្នុងរយៈពេលវែងដល់បណ្ដាប្រទេសដែនកោះតូចៗ, ប្រទេសមានប្រាក់ចំណូលមធ្យម, ប្រទេសក្រីក្រ និងបណ្ដាប្រទេសដែលងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ។ ផែនការនេះក៏មានគោលបំណងដោះស្រាយក្ដីកង្វល់នានា របស់បណ្ដាប្រទេសមានប្រាក់ចំណូលមធ្យម និងក្រីក្រផងដែរ ដែលកំពុងប្រឈមមុខនឹងការឆ្លងរាតត្បាត COVID-19។

គួរបញ្ជាក់ថា ក្រុមមន្ត្រីហិរញ្ញវត្ថុនៃបណ្ដាប្រទេស G20 បានគាំទ្រផែនការសេដ្ឋកិច្ច RST ជាមួយការអំពាវនាវឱ្យអង្គការ IMF និងធនាគារពិភពលោកធ្វើកិច្ចសហប្រតិបត្តិការ ឱ្យបានជិតសិ្នទ្ធដើម្បីអភិវឌ្ឍ និងចំណាយហិរញ្ញវត្ថុនៅក្រោមផែនការ RST ដែលត្រូវបានបង្ហើបដោយលោកស្រី Kristalina Georgieva តាំងតែពីខែមិថុនា កន្លងទៅមកម្ល៉េះ។ បញ្ហាបម្រែបម្រួលអាកាសធាតុ និងជំងឺរាតត្បាតសកល COVID-19 បាននិងកំពុងធ្វើឲ្យពិភពលោកផ្លាស់ប្តូរយ៉ាងខ្លាំង ដែលកំពុងជំរុញឲ្យមានការរៀបចំ គោលនយោបាយ ផែនការផ្តល់ហិរញ្ញវត្ថុ និងមូលនិធិសកលឡើងវិញ ដើម្បីឲ្យសមស្របទៅនឹងស្ថានការណ៍ជាក់ស្តែង៕