(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានអនុម័តឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារអាយុចន្លោះពី១២ ទៅ ១៧ឆ្នាំនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

យោងតាមសារាចរដែលចេញផ្សាយដោយក្រសួងនៅថ្ងៃព្រហស្បតិ៍នេះ ដោយផ្អែកលើការផ្គត់ផ្គង់វ៉ាក់សាំង និងស្ថានភាពកូវីដ១៩ ក្នុងប្រទេស ជាដំបូងអាជ្ញាធរមូលដ្ឋានវៀតណាមត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងលើក្មេងអាយុ១៦-១៧ ឆ្នាំ មុននឹងចាប់ផ្តើមលើក្រុមក្មេងៗដទៃទៀត។

សារាចរណែនាំបានគូសបញ្ជាក់ទៀតថា តំបន់នានាអាចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារបានភ្លាមៗតែម្តង ប្រសិនបើពួកគេរៀបចំបានល្អ។

គួរបញ្ជាក់ថា បើយោងតាមក្រសួងសុខាភិបាលវៀតណាម រហូតមកទល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ ប្រមាណជិត ៥៧.៥ លានដូសហើយ ត្រូវបានចាក់លើមនុស្សពេញវ័យនៅទូទាំងប្រទេស៕