(ស៉ីដនី)៖ ប្រទេសចំនួន ៨ និងប្រមុខការទូតសហភាពអឺរ៉ុប (EU) លោក ចូសិព បូរែល (Josep Borrel) នៅថ្ងៃសុក្រសប្ដាហ៍នេះបានជំរុញឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អនុញ្ញាតឱ្យបេសកជនពិសេសអាស៊ាន ចូលមកជួបជាមួយអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោង សាន ស៊ូ ជី ដែលកំពុងស្ថិតក្នុងការឃុំឃាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអះអាងថា ពួកគេនឹងមិនអនុញ្ញាតឱ្យបេសកជនពិសេសអាស៊ាន លោក អេរីវ៉ាន យូសូហ្វ (Erywan Yusof) ចូលមកជួបជាមួយនរណាម្នាក់ ដែលកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះ តាមផ្លូវច្បាប់នាពេលបច្ចុប្បន្ននេះទេ ក្នុងនោះរួមមានទាំងលោកស្រី អោង សាន ស៊ូ ជី ផងដែរ។

ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្រ្តាលី កាណាដា កូរ៉េខាងត្បូង នូវែលសេឡង់ ន័រវែស និងទីម័រខាងកើត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានគាំទ្រដោយលោក Josep Borrell ផងដែរថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានជំរុញឱ្យទីក្រុងណៃពិដោ (Naypyidaw) «ចូលរួមក្នុងន័យស្ថាបនា» ជាមួយបេសកជនពិសេសអាស៊ាន។

សេចក្តីថ្លែងការណ៍ខាងលើ បានថ្លែងថា «យើងសូមអំពាវនាវបន្ថែមទៀតដល់យោធាមីយ៉ាន់ម៉ាឱ្យជួយសម្រួលដល់ដំណើរទស្សនកិច្ចជាទៀងទាត់ទៅកាន់ប្រទេសនេះ ដោយបេសកជនពិសេសអាស៊ាន ហើយដើម្បីឱ្យគាត់អាចចូលរួមដោយសេរីជាមួយភាគីពាក់ព័ន្ធទាំងអស់»

គួរបញ្ជាក់ថា ការអំពាវនាវនេះបានកើតមានឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ចំពោះ «ផែនការសន្តិភាព ៥ ចំណុច» ដែលមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) បានព្រមព្រៀងជាមួយអាស៊ាន កាលពីខែមេសាកន្លងទៅនេះ ដើម្បីដោះស្រាយវិបត្តិបង្ហូរឈាម ដែលបានផ្ទុះឡើងនៅក្នុងប្រទេសនេះ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលលោកស្រី ស៊ូ ជី ចេញពីតំណែងកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ៕