(ដាម៉ាស់)៖ ស៊ីរីបានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធអ៉ីស្រាអែលថាបានបាញ់សម្លាប់អតីតសមាជិកសភាស៊ីរី លោក ម៉េដហាត អាល់ សាឡេះ (Medhat Al-Saleh) កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA បានឱ្យដឹងថាលោក សាឡេះដែលធ្លាប់បានជាប់ពន្ធនាគារ ១២ឆ្នាំនៅក្នុងប្រទេសអ៉ីស្រាអែល ត្រូវបានកងកម្លាំងប្រដាប់ អាវុធអ៉ីស្រាអែលបាញ់សម្លាប់ ខណៈកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះរបស់វិញកាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលានេះ នៅក្នុងភូមិ អែន អាល់ទីណេះ (Ain al-Tineh) នៃប្រទេសស៊ីរី ស្ថិតនៅក្បែរតំបន់ Golan Heights ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែល។ SANA បន្ថែមទៀតថារដ្ឋាភិបាលស៊ីរី បានថ្កោលទោសថានេះគឺជាបទឧក្រិដ្ឋដ៏កំសាកបំផុត។

ក៏ប៉ុន្តែ អ្នកនាំពាក្យយោធាអ៉ីស្រាអែលបានអះអាងថាយោធារបស់ខ្លួនមិនធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយស៊ីរី នោះទេ៕