(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានសម្រេចចិត្តផ្អាកការចូលរួមក្នុងកិច្ចចរចាជាមួយគណបក្សប្រឆាំង ដែលគ្រោងនឹងចាប់ផ្ដើមឡើងវិញនៅ ថ្ងៃអាទិត្យនេះ បន្ទាប់ពីប្រទេសអាហ្វ្រិក កាប៉េ វ៉ែរដេ (Cape Verde) ធ្វើបត្យាប័នអ្នកជំនួញជនជាតិកូឡុំប៊ីម្នាក់ឈ្មោះ អាឡិច សាអាប់ (Alex Saab) ទៅកាន់សហរដ្ឋអាមេរិក ពីបទចោទប្រកាន់លាងលុយកខ្វក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១។

ការប្រកាសពីការសម្រេចចិត្តខាងលើ ធ្វើឡើងដោយលោក ហក រ៉ូទ្រីហ្គែស (Jorge Rodriguez) ដែលជាប្រធានដឹកនាំក្រុមចរចាខាងភាគីរដ្ឋាភិបាល វេណេស៊ុយអេឡា។ លោក Rodriguez មិនបាននិយាយអ្វីច្រើននោះទេ ដោយគ្រាន់តែបញ្ជាក់ថារដ្ឋាភិបាលវេណេស៊ុយអេឡានឹងមិនចូលរួមក្នុងកិច្ចចរចា ជាមួយគណបក្សប្រឆាំងដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែតុលានេះទេ (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា លោក Alex Saab ត្រូវបានអាជ្ញាធរនៃប្រទេស Cape Verde ឃាត់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២០ នៅពេលដែលយន្ដហោះរបស់លោកចុះ ចាក់សាំងនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។ ការធ្វើបត្យាប័នលោក Saab ធ្វើឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិកដែលបានចោទប្រកាន់រូបលោក កាលពីឆ្នាំ២០១៩ ពីបទពុករលួយ និងលាងលុយកខ្វក់៕