(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៣,៩១០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៦៤នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៧៧៤,១៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៤៤,៣៨៥នាក់ និងជាសះស្បើយឡើងសរុប ៣៥.៣៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានសម្រេចកាលពីយប់ថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) ថា ខ្លួននឹងទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺ COVID-19 «ចំរុះ» ដែលអ្នកដំណើរអន្តរជាតិបានចាក់រួចរាល់ មុននឹងមកដល់ទឹកដីសហរដ្ឋអាមេរិក។ នេះជាការបោះជំហានថ្មីមួយទៀត ដើម្បីជំរុញការធ្វើដំណើរពីប្រទេសកាណាដា និងអន្តរជាតិចូលកាន់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤០៥លានដូស ក្នុងនោះប្រជាជន ២១៧.៩៥លាននាក់ (៦៦.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៨.២៨លាននាក់ (៥៧.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕