(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន (Bill Clinton) អាយុ ៧៥ឆ្នាំ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា (ពេលវេលានៅវ៉ាស៉ីនតោន) ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីបានចំណាយពេល ៥យប់ ដើម្បីទទួលការព្យាបាលជំងឺ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

លោក Bill Clinton បានលើកមេដៃជាសញ្ញាបង្ហាញពីភាពធូរស្បើយរបស់លោក នៅពេលដើរចេញពីមន្ទីរពេទ្យយឺតៗជាមួយភរិយា គឺលោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ហើយបន្ទាប់មកលោកក៏បានដើរទៅបានចាប់ដៃ ជាមួយបុគ្គលិកក្នុងមន្ទីរពេទ្យផងដែរ នៅចំពោះមុខកាមេរ៉ាទូរទស្សន៍ជាច្រើន ដែលកំពុងរង់ចាំផ្តិតយកព័ត៌មាននេះ។

គួរបញ្ជាក់ថា លោក Bill Clinton ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា, សហរដ្ឋអាមេរិក ដើម្បីទទួលការព្យាបាល កាលពីថ្ងៃអង្គារសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីមានការសង្ស័យថា អតីតប្រធានាធិបតីអាមេរិក ដែលបានកាន់អំណាចពីរអាណត្តិចាប់ពីឆ្នាំ ១៩៩៣-២០០១ រូបនេះ មានមេរោគក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម៕