(រ៉ង់ហ្គូន)៖ នៅថ្ងៃចន្ទនេះ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) បានប្រកាសថា មនុស្សច្រើនជាង ៥,០០០នាក់ ដែលកំពុងជាប់ឃុំខ្លួន ដោយសារសកម្មភាពធ្វើបាតុកម្ម ប្រឆាំងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ នឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

លោក មីន អោង ហ្លេង បានថ្លែងថា អ្នកទោសសរុបចំនួន ៥,៦៣៦នាក់ នឹងត្រូវដោះលែង ក្នុងឱកាសពិធីបុណ្យថាឌីងយុត (Thadingyut) ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលានេះ។ យោងតាមអង្គការឃ្លាំមើលស្ថានការណ៍ AAPP នៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធា ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ ជនស៉ីវិលច្រើនជាង ១,១០០នាក់ បានស្លាប់ ក្នុងការបង្រ្កាបបាតុកម្ម ហើយច្រើនជាង ៨,០០០នាក់ ត្រូវបានចាប់ខ្លួន។

កាលពីខែកក្កដាកន្លងទៅ បាតុករប្រឆាំងរដ្ឋប្រហារចំនួនជាង ២,០០០នាក់ ត្រូវបានដោះលែងពីពន្ធនាគារ ក្នុងនោះរួមមានទាំង អ្នកកាសែតរិះគន់យោធាផងដែរ។ ដោយឡែក នៅមានបាតុករប្រហែលជាង ៧,៣០០នាក់ទៀត កំពុងស្ថិតក្រោមការជាប់ឃុំឃាំង នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមានទាំងអ្នកកាសែតជនជាតិអាមេរិក លោក ដេននី ហ្វ៊ែនស្ទើ (Danny Fenster) ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែឧសភា។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន អាស៊ានទើបតែបានសម្រេចចិត្ត មិនអញ្ជើញលោក មីន អោង ហ្លេង ឲ្យចូលរួមកិច្ចប្រជុំកំពូល ក្នុងខែតុលានេះឡើយ ដោយសារតែការដោះស្រាយរបស់រដ្ឋាភិបាលយោធា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា៕