(ព្រុចសែល)៖ កម្មវិធីមួយដឹកនាំដោយអង្គការសុខភាពពិភពលោក WHO មានផែនការទិញថ្នាំព្យាបាល COVID-19 ពីក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ១០ដុល្លារ ក្នុងមួយបន្ទះ ដើម្បីចែកចាយដល់បណ្ដាប្រទេសក្រីក្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើឯកសារមួយដែលខ្លួនទទួលបាន, បានឱ្យដឹងទៀតថានៅក្រោមកម្មវិធី ACT-A អង្គការសុខភាពពិភពលោកមាន គម្រោងផ្ដល់ថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដល់ទៅ ១២០លាននាក់ ក្នុងចំណោមអ្នកជំងឺ ២០០លាននាក់នៅជុំវិញពិភពលោក ជាពិសេសនៅតាម បណ្ដាប្រទេសក្រីក្រ ដែលត្រូវបានគេប៉ាន់ស្មានថាអាចនឹងឆ្លង COVID-19 នៅរយៈពេល១២ខែខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងឯកសារខាងលើដដែល, អង្គការ WHO មានបំណងទិញថ្នាំព្យាបាល COVID-19 molnupiravir របស់ក្រុមហ៊ុនឱសថអាមេរិក Merck ក្នុងតម្លៃ ១០ដុល្លារក្នុងមួយបន្ទះ។ ថ្នាំ molnupiravir របស់ក្រុមហ៊ុន Merck គឺជាថ្នាំព្យាបាលអ្នកជំងឺ COVID-19 មានរោគសញ្ញាស្រាល ហើយថ្នាំនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការអភិវឌ្ឍនៅឡើយ។ ប៉ុន្តែផ្ទុយថ្នាំដទៃ, molnupiravir បានបង្ហាញលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងការធ្វើតេស្ដ ដំណាក់កាលចុងក្រោយ៕