(ម៉ូស្គូ)៖ នៅថ្ងៃពុធនេះ (ពេលវេលានៅទីក្រុងម៉ូស្គូ) ប្រទេសរុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ក្រុមតាលីបង់ សម្រាប់កិច្ចពិភាក្សាដើម្បីស្វែងរកការបញ្ជ្រៀតឥទ្ធិពលរបស់ខ្លួន ទៅកាន់តំបន់អាស៊ីកណ្តាល និងជំរុញឱ្យមានសកម្មភាពប្រឆាំងនឹងក្រុមភេរវករ ISIS ដែលកំពុងកើនឥទ្ធិពលឡើងវិញនៅអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

កិច្ចសន្ទនានៅថ្ងៃពុធនេះ នឹងក្លាយជាវេទិកាថ្នាក់អន្តរជាតិដ៏សំខាន់មួយ ដែលក្រុមតាលីបង់ចូលរួម គិតចាប់តាំងពីខ្លួនបានឡើងគ្រប់គ្រងអំណាច នៅអាហ្វហ្គានីស្ថាន កាលពីអំលុងពាក់កណ្តាលខែសីហាកន្លងទៅនេះ។ កិច្ចសន្ទនានេះ នឹងមានប្រទេសចំនួន ១០ ចូលរួម ហើយក្នុងនោះក៏មានប្រទេសចិន និងប៉ាគីស្ថាន ដែលជាសុទ្ធសឹងជាតួអង្គសំខាន់ៗផងដែរ។

កាលពីសប្តាហ៍មុននេះ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានព្រមានអំពីការកើនឡើងឥទ្ធិពល នៃក្រុមភេរវករ ISIS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ព្រោះនៅក្នុងរយៈពេលតែជាង ១សប្តាហ៍ប៉ុណ្ណោះ ករណីបំផ្ទុះគ្រាប់បែកធំៗពីរលើកបានកើតមានឡើង និងបានផ្តាច់ជីវិតមនុស្សខ្ទង់ ១០០នាក់ឯណោះ។

គួរបញ្ជាក់ថា កិច្ចសន្ទនានៅក្នុងរដ្ឋធានីម៉ូស្គូនេះ នឹងត្រូវប្រកាសចេញដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov)។ សម្រាប់ភាគីតាលីបង់, លោកឧបនាយករដ្ឋមន្ត្រី អាប់ឌុល សាឡេម ហាណាហ្វី (Abdul Salam Hanafi) នឹងត្រូវចូលក្នុងកិច្ចសន្ទនា។ កន្លងមកនេះ ក្រុមតាលីបង់ក៏បានបង្កើតកិច្ចសន្ទនា ជាមួយមន្ត្រីរដ្ឋាភិបាលតួកគី នៅក្នុងទីក្រុងអង់ការ៉ាផងដែរ ខណៈសហភាពអឺរ៉ុបវិញបានសម្រេចផ្តល់ជំនួយ ១.២ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕