(ញូដេលី)៖ អភិបាលរដ្ឋអ៊ូតតារ៉ាខណ្ឌ (Uttarakhand) លោក ភូស្កា ស៉ីញ ដាប៊ី (Pushkar Singh Dhabi) នៅថ្ងៃពុធនេះបានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣៤នាក់ហើយបានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃ នៅរដ្ឋភាគខាងជើងប្រទេសឥណ្ឌាមួយនេះ ខណៈក្រុមអ្នកជួយសង្គ្រោះ បានបន្តប្រតិបត្តិការជួយសង្គ្រោះ អ្នកដែលកំពុងជាប់គាំងនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

លោក Pushkar Singh Dhami បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters បន្ទាប់ពីការស្ទង់មតិអំពីការខូចខាត កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះថា «មានការខូតខាតយ៉ាងធំធេងដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះ... ដំណាំជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ។ អ្នកស្រុកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន, ផ្លូវត្រូវបានជន់លិច ខណៈស្ពានត្រូវបានទឹកគួចយកទៅបាត់។ រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៣៤នាក់បានស្លាប់ ហើយយើងកំពុងព្យាយាមធ្វើឱ្យ ស្ថានការណ៍មានភាពប្រក្រតីឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតានៅទូទាំងប្រទេសឥណ្ឌា បាននាំឱ្យមានគ្រោះទឹកជំនន់ជន់លិចតំបន់ជាច្រើននៃប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អាជ្ញាធររដ្ឋឃើរ៉ាឡា (Kerala) ភាគខាងត្បូង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏បានរាយការណ៍ឱ្យដឹងថា មនុស្សជាង ២០នាក់បានស្លាប់នៅទីនោះផងដែរ បន្ទាប់ពីមានការរអិលបាក់ដី៕