(ញូដេលី)៖ គ្រោះទឹកជំនន់ និងបំណាក់បាក់ដីនៅប្រទេសឥណ្ឌា និងនេប៉ាល់ដែលជាប់របងគ្នា បានបង្កឲ្យមនុស្សច្រើនជាង ១៥០នាក់ហើយបាត់បង់ជីវិត គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ ដោយក្នុងនោះនៅប្រទេសឥណ្ឌាមានមនុស្សស្លាប់ច្រើនជាងគេរហូតដល់ទៅ ៩០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នៅរដ្ឋ អ៊ូតតារ៉ាខាន់ (Uttarakhand) ភាគខាងជើងប្រទេសឥណ្ឌា មនុស្សសរុប ៤៨នាក់ត្រូវបានរាយការណ៍ថា ស្លាប់ ខណៈនៅរដ្ឋ ខឺរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសវិញ មនុស្សសរុប ៤២នាក់ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។ អាជ្ញាធរឥណ្ឌា បានអះអាងថា រដ្ឋរបស់ខ្លួនទាំងពីរនេះ បានទទួលរងនូវភ្លៀងធ្លាក់យ៉ាងគំហុក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងកម្រិតរហូតដល់ទៅជាង ៤០០មីលីម៉ែត្រឯណោះ ទើបបង្កឲ្យមានគ្រោះទឹកជំនន់ និងបំណាក់ដីតែម្តង។

ដោយឡែក នៅប្រទេសនេប៉ាល់វិញ មនុស្សសរុប ៧៧នាក់បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុស ដែលអូសបន្លាយរយៈពេល ៣ថ្ងៃជាប់ៗគ្នា បានបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដី នៅតាមតំបន់ជាប់ជួរភ្នំហិម៉ាល័យ (Himalayan)។

គួរបញ្ជាក់ថា ទាំងអាជ្ញាធរឥណ្ឌា និងនេប៉ាល់នៅតំបន់កើតហេតុ សុទ្ធតែកំពុងព្យាយាមជួយសង្គ្រោះប្រជាជនមួយចំនួនដែលកំពុងជាប់គាំង នៅតាមទីតាំងមួយចំនួនដែលក្រុមសង្គ្រោះពិបាកនឹងទៅដល់ ខណៈសាលារៀន ទីសក្ការៈ និងទីកន្លែងកម្សាន្តទាំងអស់ ត្រូវបានណែនាំឲ្យបិទទ្វារជាបណ្តោះអាសន្ន៕