(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបាញ់បង្ហោះរ៉ុក្កែតមួយគ្រាប់ ដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងស្រុកសុទ្ធសាធ ទៅកាន់ទីអវកាសជាលើកដំបូង ដើម្បីបង្ហាញអំពីការឈានជើង ចូលប្រឡូកក្នុងវិស័យអវកាសដ៏ធំសម្បើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃព្រហស្បតិ៍នេះ។

គ្រាប់រ៉ុក្កែតដែលអាចស្តុកទំនិញបាន ១.៥តោន និងមានបិតទង់ជាតិកូរ៉េខាងត្បូងខាងលើនេះ ត្រូវបានដាក់ឈ្មោះថា នួរិ (Nuri) ឬឈ្មោះពេញហៅថា យានបាញ់បង្ហោះផ្កាយរណបកូរ៉េទី ២ (The Korean Satellite Launch Vehicle II) ត្រូវបានបាញ់់ចេញពីមជ្ឈមណ្ឌលអវកាស ណារ៉ូ (Naro Space Center) ស្ថិតក្នុងខេត្ត ហ្គោហឹង (Goheung) ភាគខាងត្បូងប្រទេស នៅក្នុងថ្ងៃព្រហស្បតិ៍នេះតែម្តង។

សាធារណមតិនៅកូរ៉េខាងត្បូងបានលើកឡើងថា «វាហាក់ដូចជាហោះឡើងទៅលើមេឃ ដោយគ្មានបញ្ហា។ វាគឺជាការសម្រេចបាន ដ៏គួរឲ្យកត់សម្គាល់មួយរួចទៅហើយ ចំពោះអ្វីដែលជាការប៉ុនប៉ងដំបូងរបស់យើង»។ ដោយឡែក ក្រុមសមាជិកសភាកូរ៉េខាងត្បូង ក៏បានផ្អាកកិច្ចប្រជុំជាបណ្តោះអាសន្ន ដើម្បីតាមដានការបាញ់បង្ហោះរ៉ុក្កែតជាប្រវត្តិសាស្ត្រ របស់ប្រទេសអាស៊ីបូព៌ាមួយនេះផងដែរ។

គួរបញ្ជាក់ថា ក្រុមការងារនៅក្នុងមជ្ឈមណ្ឌលបញ្ជាការហោះហើររបស់ Nuri ដែលជាប្រភេទរ៉ុក្កែតផ្តាច់ខ្លួនបីដំណាក់កាល បានទះដៃអបអរសាទរយ៉ាងខ្លាំងក្លា ចំពោះភាពជោគជ័យនៃការហោះឡើង ទៅដល់គន្លងគោចរផែនដីស្របតាមការគ្រោងទុក។ តែយ៉ាងណា ផ្កាយរណបសិប្បនិមិត្ត ដែលត្រូវបានដាក់ក្នុងគ្រាប់រ៉ុក្កែតនោះ បានទទួលបរាជ័យក្នុងបញ្ជូនទៅកាន់គន្លងគោចរ, នេះបើតាមការលើកឡើងដោយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូ ចេអ៊ីន៕