(អ៉ីស្លាមម៉ាបាត)៖ នៅក្នុងការអំពាវនាវរួមគ្នាដ៏កម្រមួយ មេដឹកនាំប៉ាគីស្ថាន និងចិន នៅថ្ងៃអង្គារនេះបានជំរុញឱ្យសហគមន៍អន្តរជាតិបញ្ជូនជំនួយសេដ្ឋកិច្ច និងមនុស្សធម៌ យ៉ាងឆាប់រហ័សទៅកាន់អាហ្វហ្គានីស្ថាន ជាទីដែលប្រជាជនកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យ ក្នុងអំឡុងរដូវរងារនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៉ីមរ៉ាន ខាន់ (Imran Khan) និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង (Xi Jinping) បានពិភាក្សាជាមួយប្រទេសអាហ្វហ្គានីស្ថានតាមរយៈ ទូរស័ព្ទ ដោយបញ្ជាក់ថាប្រជាជននៅទីនោះត្រូវការជំនួយពីសហគមន៍អន្តរជាតិយ៉ាងខ្លាំង ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគេ ក៏ដូចជាការពារអស្ថិរភាពដែលអាចកើតឡើង និងកសាងប្រទេសឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញ ហើយក្រុមតាលីបង់បានដណ្តើមអំណាចកាលពីខែសីហាកន្លងទៅនេះ។ .

គួរបញ្ជាក់ថា ការអំពាវនាវនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយអ្នកតំណាងរដ្ឋាភិបាលតាលីបង់ នៅប្រទេសកាតា (Qatar) ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន៕