(រ៉ង់ហ្គូន)៖ សារព័ត៌មាន BBC ប្រចាំនៅមីយ៉ាន់ម៉ាបានរាយការណ៍ឱ្យដឹងថា លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) បានបដិសេធការចោទប្រកាន់ពីបទ «ញុះញង់» បង្កឱ្យមានការចលាចលជាសាធារណៈ នៅក្នុងការផ្តល់សក្ខីកម្មនៅតុលាការ ជាលើកដំបូងរបស់លោកស្រី គិតចាប់តាំងពីរដ្ឋប្រហារយោធាបានកើតឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ក្នុងភាពវឹកវរ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។

សារព័ត៌មាន BBC ភូមា និង Myanmar Now បានរាយការណ៍ ដោយដកស្រង់សម្តីពីមេធាវីឱ្យដឹងថា លោកស្រី Aung San Suu Kyi បានបដិសេធការចោទប្រកាន់ពីបទ «ញុះញង់» ទាក់ទងនឹងគណបក្សរបស់លោកស្រី ដែលបានផ្សព្វផ្សាយលិខិតមួយ កាលពីខែកុម្ភៈកន្លងទៅនេះ ដោយអំពាវនាវឱ្យអង្គការអន្តរជាតិនានា កុំសហការជាមួយរបបយោធា។

ប្រភពដែលដឹងឮអំពីករណីនេះ បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា លោកស្រី Aung San Suu Kyi «បានថ្លែងសុន្ទរកថា ដោយខ្លួនលោកស្រីនៅតុលាការ»។ ប្រភពដដែលបានបន្ថែមថា ខ្លឹមសារនៃសក្ខីកម្មរបស់លោកស្រីនៅថ្ងៃអង្គារសប្ដាហ៍នេះ «មិនអាចត្រូវបានបង្ហាញ» ជាសាធារណៈនោះទេ រហូតទាល់តែតុលាការបានរកឃើញ និងបញ្ជាក់ពីការពិតសិន ដែលវាត្រូវបានគេរំពឹងទុកថា នឹងកើតឡើងនៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា លោកស្រី Aung San Suu Kyi បានបង្ហាញខ្លួននៅក្នុងអង្គសវនាការ ជាលើកដំបូងកាលពីខែមិថុនាកន្លងទៅនេះ ពោលគឺមានរយៈពេល ៤ខែបន្ទាប់ពីលោកស្រីត្រូវបានចាប់ខ្លួន ហើយប្រឈមមុខនឹងការចោទប្រកាន់ ដែលត្រូវបានគេមើលឃើញថា លោកស្រីអាចជាប់ពន្ធនាគារដល់រាប់ទសវត្សរ៍៕