(ខាទុំ)៖ អាជ្ញាធរនៅប្រទេសស៊ូដង់ បានសម្រេចដោះលែងប្រធានការិយាល័យ នៃស្ថានីយទូរទស្សន៍ព័ត៌មាន Al Jazeera ដែលមានមូលដ្ឋានធំនៅឯ ប្រទេសកាតា ឲ្យមានសេរីភាពវិញហើយ ក្រោយត្រូវបានគេឃាត់ខ្លួន កាលពី២ថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក អាល់-មូសាឡាមី អាល់-កាប់បាស៊ី (Al-Musalami al-Kabbashi) ដែលជាប្រធានការិយាល័យរបស់ Al Jazeera ប្រចាំនៅប្រទេសស៊ូដង់ ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ទៀត ដែលត្រូវបានអាជ្ញាធរស៊ូដង់ឃាត់ខ្លួន ខណៈចលនាបាតុកម្មទ្រង់ទ្រាយធំ បានផ្ទុះឡើងនៅក្នុង ប្រទេសអាហ្រ្វិកខាងជើងមួយនេះ ក្រោមគោលដៅប្រឆាំងនឹងរដ្ឋប្រហារយោធា។ យោធាស៊ូដង់ មិនបានបញ្ជាក់ពីមូលហេតុនៃការឃាត់ខ្លួន លោក អាល់-កាប់បាស៊ី ឡើយ។

គួរបញ្ជាក់ថា ការឃាត់ខ្លួនប្រធានការិយាល័យព័ត៌មានខាងលើ មិនមែនជាលើកទីមួយឡើយ ដែលទូរទស្សន៍ Al Jazeera បានជួបបញ្ហានៅស៊ូដង់។ កាលពីឆ្នាំ២០១៩ កងកម្លាំងសន្តិសុខស៊ូដង់ បានបិទទ្វារការិយាល័យទូរទស្សន៍ព័ត៌មាននេះ នៅរដ្ឋធានីខាទុំម្តងរួចមកហើយ និងបានដកលិខិតអនុញ្ញាតបំពេញការងារ ពីក្រុមអ្នកកាសែត Al Jazeera ដែលនៅក្នុងប្រទេសស៊ូដង់ថែមទៀតផង៕