(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានជួបពិភាក្សាតាមរយៈទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) អំពីវិបត្តិជនភៀសខ្លួន នៅតាមព្រំដែនរវាងប្រទេសបេឡារុស និងសហភាពអឺរ៉ុប (EU) ក៏ដូចជាស្ថានភាពនៅភាគខាងកើត នៃប្រទេសអ៊ុយក្រែនផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង (Kremlin) លោក Putin បានកត់សម្គាល់អំពី ការប្រព្រឹត្តអំពើដ៏ឃោរឃៅបំផុតលើជនភៀសខ្លួន ដោយឆ្មាំការពារព្រំដែនប៉ូឡូញ ហើយបានជូនដំណឹងដល់លោក Macron អំពីការទាក់ទងថ្មីៗរបស់លោក ជាមួយប្រធានាធិបតីបេឡារុស្ស លោក អាឡិចហ្សាន់ឌឺ លូកាសឈិនកូ (Alexander Lukashenko) ស្តីពីវិបត្តិជនចំណាកស្រុកផងដែរ។

គួរបញ្ជាក់ថា វិបត្តិជនភៀសខ្លួនកំពុងតែកក្រើកឡើងវិញ រវាងប្រទេសសហភាពអឺរ៉ុប និងប្រទេសបេឡារុស ដែលត្រូវបានគេមើលឃើញថា មានរុស្ស៊ីជាខ្នងបង្អែក។ សហភាពអឺរ៉ុបបានប្រកាសជំហរគាំទ្រប្រទេសប៉ូឡូញ និងលីទុយអានី នៅចំពោះមុខបញ្ហាជាមួយប្រទេសបេឡារុស ប៉ុន្តែស្ថានការណ៍ហាក់បានធូរស្រាលវិញ ឈានចូលសប្តាហ៍ថ្មីនេះ បន្ទាប់ពីមានការចូលរួមដោយប្រទេសធំៗនៅអឺរ៉ុបដូចជា អាល្លឺម៉ង់ និងបារាំងជាដើម ដើម្បីសម្រួលស្ថានការណ៍ ហើយបច្ចុប្បន្នភាគីទាំងឡាយ កំពុងឈានទៅព្រមព្រៀងគ្នា ជួយសង្គ្រោះជនភៀសខ្លួនទាំងនោះហើយ៕