(ប៉េកាំង)៖ ប្រហែលមួយខែមុន នៅក្នុងវេទិកាពិភពលោកស្តីពី ការសិក្សាស្រាវជ្រាវអំពីប្រទេសចិនលើកទី ៩ លោក Boris Tadić អតីតប្រធានាធិបតីស៊ែប៊ីបានថ្លែងថា បញ្ហាប្រឈមរបស់ប្រទេសប៉ែកខាងលិច នៅសតវត្សរ៍ទី ២១ បានបង្ហាញថា ការធ្វើទំនើបភាវូបនីយកម្ម មិនមែនស្មើនឹងការធ្វើបស្ចិមភាវូបនីយកម្មនោះទេ រីឯប្រទេសចិនវិញបានផ្តល់ខ្លឹមសារថ្មីដល់ «ការធ្វើទំនើបភាវូបនីយកម្ម» ហើយបានផ្តល់បទពិសោធន៍ដល់ទូទាំងពិភពលោក។

បើមើលពីប្រវត្តិសាស្ត្រ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប បានដើរតាមផ្លូវអភិវឌ្ឍន៍ទំនើបមុនគេ។ ផ្លូវអភិវឌ្ឍទំនើបភាវូបនីយកម្មរបស់ប្រទេសទាំងនេះ ធ្លាប់ត្រូវអ្នកទ្រឹស្តីប៉ែកខាងលិចចាត់ទុកជារូបមន្តតែមួយគត់ នៃការធ្វើទំនើបភាវូបនីយកម្ម។ ប៉ុន្តែ ការធ្វើទំនើបភាវូបនីយកម្មរបស់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបភាគច្រើន គឺអមដោយអាណានិគម និងការឈ្លានពាន ហើយបានលេចចេញផលវិបាក ដូចជាគម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាន និងអ្នកក្រ និងការបែកបាក់គ្នាក្នុងសង្គមជាដើម បន្ទាប់ពីសម្រេចទំនើបភាវូបនីយកម្ម។ រូបមន្តនេះមិនសមស្របនឹងប្រទេសទាំងអស់នោះទេ ប្រសិនបង្ខំឱ្យប្រទេសនានា និងជនជាតិនានាអនុវត្តតាមរូបមន្តនេះ នោះក៏មុខជានឹងទទួលបរាជ័យជាមិនខាន។

មនុស្សកាន់តែច្រើនឡើងៗបានយល់ឃើញថា ការធ្វើទំនើបភាវូបនីយកម្ម មិនមែនស្មើនឹងការធ្វើបស្ចិមភាវូបនីយកម្មនោះទេ ដូច្នេះ ប្រទេសដែលមានភាពអន់ថយក្នុងដំណើរអភិវឌ្ឍន៍ទាំងនោះ ត្រូវការជម្រើសកាន់តែច្រើន។ លោក Martin Jacques បញ្ញវន្តដ៏ល្បីឈ្មោះរបស់អង់គ្លេសបានថ្លែងថា «ការងើបឡើងរបស់ចិនបានផ្តល់ផ្លូវ និងគំនិតថ្មីខាងការអភិវឌ្ឍ ដល់ប្រទេសកំពុងអភិវឌ្ឍន៍»។ ភាពថ្មីនៃផ្លូវនេះគឺមានន័យថា វាគឺបង្កើតឡើងដោយបក្សកុម្មុយនិស្តចិន បន្ទាប់ពីដឹកនាំប្រជាជនចិនឆ្លងកាត់ ការតស៊ូព្យាយាមអស់រយៈពេល ១០០ឆ្នាំ ដែលប្រកបដោយលក្ខណៈពិសេសរបស់ចិន និងសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ចិន។

«ផ្លូវទំនើបភាវូបនីយកម្មបែបចិន» មិនត្រឹមតែបានក្រេបយកបទពិសោធន៍ ដ៏មានតម្លៃមួយចំនួន ក្នុងផ្លូវអភិវឌ្ឍទំនើបភាវូបនីយកម្មប៉ែកខាងកើត និងប៉ែកខាងលិចប៉ុណ្ណោះទេ ថែមទាំងក៏បានលុបចោលផលវិបាក នៃរូបមន្តទំនើបភាវូបនីយកម្មប៉ែកខាងលិចផងដែរ ផ្លូវនេះគឺត្រួសត្រាយដោយបក្សកុម្មុយនិស្តចិន ដោយឈរលើសភាពការណ៍ជាក់ស្តែងរបស់ប្រទេសខ្លួន។ ឆ្លងកាត់ដំណើរអភិវឌ្ឍន៍អស់រយៈពេល ១០០ឆ្នាំ ផ្លូវទំនើបភាវូបនីយកម្ម ដែលត្រួសត្រាយដោយបក្សកុម្មុយនិស្តចិន បានធ្វើឱ្យចិន និងពិភពលោកផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។ នៅពេលអនាគត បក្សកុម្មុយនិស្តចិននឹងបន្តដើរតាមផ្លូវ ដ៏ត្រឹមត្រូវនេះតទៅទៀត ដើម្បីធ្វើឱ្យប្រជាជនចិន និងប្រជាជនទូទាំងពិភពលោក សុទ្ធតែមានជីវភាពរស់នៅកាន់តែល្អបវរ។ នៅពេលអនាគត ចិននឹងជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ជាបន្តបន្ទាប់ ដើម្បីជំរុញមនុស្សជាតិឱ្យបោះជំហាន ទៅកាន់ដំណាក់កាលប្រវត្តិសាស្ត្រថ្មី៕