(ប៉េកាំង)៖ «ក្នុងរយៈពេល ៥០ឆ្នាំខាងមុខ រឿងសំខាន់បំផុតក្នុងទំនាក់ទំនងអន្តរជាតិ គឺចិន និងអាមេរិកចាំបាច់ត្រូវរកបានវិធីត្រឹមត្រូវ សម្រាប់រួមរស់នៅជាមួយគ្នា»។ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាតាមម៉ោងក្រុងប៉េកាំង ក្នុងកិច្ចជំនួបតាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋរបស់ចិន និងអាមេរិក ការសន្និដ្ឋានដូចពោលខាងលើរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានញ៉ាំងឱ្យសហគមន៍អន្តរជាតិ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងគិតពិចារណាយ៉ាងជ្រាលជ្រៅ។

នេះជាកិច្ចជំនួបតាមប្រព័ន្ធវីដេអូរវាងប្រមុខរដ្ឋរបស់ចិននិងអាមេរិកដែលបើកធ្វើបន្ទាប់ពីការជួបពិភាក្សាតាមទូរស័ព្ទចំនួនពីរលើក តាំងពីចូលឆ្នាំនេះមក ដើម្បីពិគ្រោះពិភាក្សាគ្នាអំពីបញ្ហាជាយុទ្ធសាស្ត្រ បញ្ហាជាមូលដ្ឋានដែលពាក់ព័ន្ធដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ព្រមនិងបញ្ហាសំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ។

បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិន និងអាមេរិកបាននិងកំពុងឋិតនៅផ្លូវកែង ដោយសារមានការវិនិច្ឆ័យខុសឆ្គងយ៉ាងខ្លាំង ខាងយុទ្ធសាស្ត្រចំពោះប្រទេសចិន បានជាអាមេរិកទប់ស្កាត់ និងគាបសង្កត់ទៅលើប្រទេសចិនអស់ពីសមត្ថភាព ហើយបានបំពានខ្សែបន្ទាត់ក្រហមរបស់ប្រទេសចិន ជាបន្តបន្ទាប់ បណ្តាលឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកធ្លាក់ក្នុងភាពជាប់គាំង។ ក្នុងបរិបទបែបនេះ ប្រមុខរដ្ឋចិន និងអាមេរិកជួបសន្ទនាតាមប្រព័ន្ធវីដេអូ ក្នុងន័យក្តាប់ជាប់ទិសដៅអភិវឌ្ឍន៍ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការទូតថ្នាក់កំពូល មិនបាច់សង្ស័យឡើយ ប្រការនេះនឹងមានអំណោយផល ដល់ការចៀសវាងពីការយល់ច្រឡំ និងការវិនិច្ឆ័យខុសឆ្គង ក៏ដូចជាជំរុញការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបតិ្តការផងដែរ។

ក្នុងកិច្ចជំនួបលើកនេះ លោក Xi Jinping បានអធិប្បាយយ៉ាងស៊ីជម្រៅនូវផ្លូវអភិវឌ្ឍន៍ និងគោលបំណងជាយុទ្ធសាស្ត្ររបស់ប្រទេសចិន ហើយបានលើកឡើងនូវគោលការណ៍៣ចំណុច ដែលចិននិងអាមេរិកគួរប្រកាន់ខ្ជាប់ក្នុងយុគសម័យថ្មី ពោលគឺ «គោរពគ្នាទៅវិញទៅមក» «រួមរស់នៅជាមួយគ្នាដោយសន្តិភាព» និង «កិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ» ព្រមទាំងបានកំណត់កិច្ចការអាទិភាព ៤ ពោលគឺ «ជំរុញឱ្យសហគមន៍អន្តរជាតិ ធ្វើកិច្ចសហប្រតិបតិ្តការដើម្បីទប់ទល់នឹងការប្រឈម» «ជំរុញការប្រាស្រ័យទាក់ទងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ និងគ្រប់វិស័យ» «គ្រប់គ្រង និងដោះស្រាយការខ្វែងគំនិត និងបញ្ហារសើបតាមវិធីប្រកបដោយភាពស្ថាបនា» និង «បង្កើនកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបតិ្តការក្នុងបញ្ហាជាចំណុចក្តៅអន្តរជាតិ និងក្នុងតំបន់»។

អាចឃើញថា ជានិច្ចកាលប្រទេសចិនបានប្រកាន់ខ្ជាប់ អាកប្បកិរិយាមានទំនួលខុសត្រូវ ក្នុងការដោះស្រាយទំនាក់ទំនងរវាងចិន និងអាមេរិក ដូច្នេះ អាមេរិកគួរតែយល់ដឹងពីខ្លឹមសារ នៃវិធីរួមរស់នៅរវាងចិន និងអាមេរិក។

ក្នុងកិច្ចជំនួប លោក បៃដិន ប្រធានាធិបតីអាមេរិកបានរំលឹកឡើងវិញថា អាមេរិកមិនស្វែងរកការកែប្រែប្រព័ន្ធរបបចិន មិនស្វែងរកការបង្កើនទំនាក់ទំនងជាមួយសម័្ពន្ធមិត្ត ដើម្បីប្រឆាំងប្រទេសចិន ហើយក៏គ្មានបំណងបង្កើតការប៉ះទង្គិច ជាមួយប្រទេសចិន និងមិនគាំទ្រ «ឱ្យតៃវ៉ាន់ឯករាជ្យ» នោះឡើយ។ ត្រូវអនុវត្តតាមពាក្យសន្យា អាមេរិកគួរតែទទួលបានទំនុកចិត្ត ពីប្រជាជនចិនតាមការអនុវត្តជាក់ស្តែង ក៏ដូចជាទទួលបានទំនុកចិត្ត ពីសហគមន៍អន្តរជាតិផងដែរ។

លោក Xi Jinping បានប្រៀបធៀបប្រទេសទាំងពីរចិន និងអាមេរិក ដូចជានាវាយក្សពីរគ្រឿង ដែលធ្វើនាវាចេណ៍ក្នុងមហាសមុទ្រ រំពឹងថា នាវាទាំងពីរនេះអាចធ្វើនាវាចរណ៍ទៅមុខជាមួយគ្នា នេះជាក្តីប្រាថ្នារបស់ប្រទេសចិន ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរចិន និងអាមេរិក។ ដូចនេះ អាមេរិកគួរអនុវត្តស្មារតីនៃកិច្ចជំនួបរវាងប្រមុខរដ្ឋប្រទេសទាំងពីរ តាមរយៈប្រតិបតិ្តការជាក់ស្តែងរបស់ខ្លួន បង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន ធ្វើរឿងរៀងខ្លួនឱ្យបានល្អផង ហើយក៏រ៉ាប់រងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនផង ។ នេះគឺជាកី្តបំណងរួមរបស់ប្រជាជន នៃប្រទេសទាំងពីរចិន និងអាមេរិក ក៏ដូចជាប្រជាជននៃបណ្តាប្រទេសនានា លើពិភពលោកទាំងមូលផងដែរ៕ (#CCFR Comment#)