(វ៉ាសូវី)៖ កងកម្លាំងប៉ូលិសរបស់ប៉ូឡូញ បានប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ប្រឆាំងទៅលើក្រុមជនភៀសខ្លួន ដែលព្យាយាមឆ្លងចូលទៅកាន់ប្រទេសខ្លួន នៅព្រំដែនជាមួយបេឡារុស ដែលប្រការនេះបានធ្វើឲ្យជម្លោះរវាងប្រទេសអឺរ៉ុបទាំងពីរ កាន់តែតានតឹងឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ខណៈនេះមានជនភៀសខ្លួនកើនដល់ប្រហែល ៤,០០០នាក់ កំពុងប្រមូលផ្តុំគ្នានៅព្រំប្រទល់ខាងបេឡារុស។ យោងតាមការអះអាងរបស់ ក្រសួងការពារជាតិប៉ូឡូញ គឺក្រុមជនភៀសខ្លួនបានចោលដុំថ្ម និងព្យាយាមបំផ្លាញរនាំងការពារ ដើម្បីឆ្លងចូលទៅដីប៉ូឡូញ ដែលជាហេតុបង្ខំឲ្យអាជ្ញាធរប៉ូឡូញ បាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្រ្កាប។

គួរបញ្ជាក់ថា កងកម្លាំងប៉ូឡូញរហូតដល់ ១៥,០០០នាក់ ត្រូវបានដាក់ពង្រាយនៅព្រំប្រទល់ជាមួយបេឡារុស។ ឆ្លើយតបចំពោះចំណាត់ការរបស់ប៉ូឡូញ ខាងក្រសួងការបរទេសបេឡារុស បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថា វាជាការបង្កហេតុចំៗ និងជាទង្វើអមនុស្សធម៌ចំពោះក្រុមជនភៀសខ្លួន៕