(ប៉េកាំង)៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងណាមួយ ដើម្បីប្រកាសឯករាជ្យភាពដោយកោះតៃវ៉ាន់ តាមរយៈការធ្វើវិសោធនកម្មច្បាប់ ដោយនិយាយថា សកម្មភាពក្នុងលក្ខណៈនេះរបស់គណបក្សប្រជាធិបតេយ្យចម្រើននិយម (DPP) របស់កោះតៃវ៉ាន់ កំពុងស្ថិតក្រោមឃ្លាំមើលយ៉ាងដិតដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិន បានធ្វើការលើកឡើងដូចខាងលើ ក្នុងការឆ្លើយតបនឹងសំណួរមួយរបស់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃពុធនេះ។ លោកស្រី Zhu បាននិយាយថា គណបក្ស DPP ដែលជាគណបក្សកាន់អំណាច ទោះបីជាមានការប្រឆាំង និងការព្រមានយ៉ាងម៉ឺងម៉ាត់ពីគណបក្សផ្សេងៗក៏ដោយ នៅតែជម្នះចង់ព្យាយាមធ្វើបែបនេះ ដែលនឹងគ្មានទទួលបានអ្វី ក្រៅតែភាពបរាជ័យ នៅទីបញ្ចប់នោះឡើយ។

លោកស្រី Zhu Fenglian បានជំរុញឱ្យគណបក្សនយោបាយ រួមទាំងប្រជាជនដែលមានទំនួលខុសត្រូវ ដែលមានចក្ខុវិស័យវែងឆ្ងាយ នៅកោះតៃវ៉ាន់ រួមគ្នាបកអាក្រាតផែនការរបស់គណបក្ស DPP និងចាត់វិធានការជាក់ស្តែង ដើម្បីការពារសន្តិភាពនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ និងសុខុមាលភាពរបស់ប្រជាជននៅកោះតៃវ៉ាន់។

ជាចុងក្រោយ អ្នកនាំពាក្យចិនរូបនេះ ក៏បានអំពាវនាវដល់ជនរួមជាតិកោះតៃវ៉ាន់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយទប់ស្កាត់រាល់ការប៉ុនប៉ងណាមួយ ដើម្បីស្វែងរក «ឯករាជ្យភាពកោះតៃវ៉ាន់» តាមរយៈ «ការធ្វើវិសោធនកម្មច្បាប់» និងជៀសវាងការលួងលោមឲ្យគាំទ្រ ការទាមទារឯករាជ្យភាព ដោយគណបក្ស DPP៕