(ម៉ានីល)៖ ប្រធានរដ្ឋបាលចំណីអាហារ និងឱសថហ្វីលីពីន (FDA) នៅថ្ងៃពុធនេះបាននិយាយថា ប្រទេសហ្វីលីពីន បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Novavax Inc ក្នុងលក្ខខណ្ឌបន្ទាន់ហើយ ខណៈវាជាវ៉ាក់សាំងទី៩ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធាន FDA លោក រ៉ូឡេនដូ អ៊ែនរីក ដូមីងហ្គោ (Rolando Enrique Domingo) បានថ្លែងប្រាប់សន្និសីទសាធារណៈមួយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Novavax Inc ដែលមានឈ្មោះសម្គាល់ថា Covovax នឹងត្រូវផលិតដោយ វិទ្យាស្ថានសេរ៉ូមឥណ្ឌា (Serum Institude of India) ហើយត្រូវបានអនុម័តឱ្យប្រើប្រាស់ ចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

លោក Rolando Enrique Domingo បានបន្ថែមថា វ៉ាក់សាំង Covovax ដែលមានប្រសិទ្ធភាព ៨៩.៧% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការធ្វើតេស្ត នឹងតម្រូវឱ្យចាក់ចំនួន០២ដូស ក្នុងគម្លាតពេលមិនតិចជាង ២១ថ្ងៃ រវាងដូសដំបូង និងដូសទី២។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីន ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនបានជិត៤០ភាគរយ នៃចំនួនប្រជាជនសរុបទាំង ១១០លាននាក់របស់ខ្លួន៕