(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថ Pfizer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទឹកប្រាក់ចំនួន៥.២៩ពាន់លានដុល្លារអាមេរិក ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីផ្តល់ថ្នាំព្យាបាលជំងឺកូវីដ១៩ ចំនួន១០លានវគ្គ ខណៈដែលប្រទេសនេះកំពុងប្រញាប់ប្រញាល់ចង់យកឈ្នះជំងឺដ៏កាចសាហាវនេះតាមរយៈការព្យាបាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងនេះមានទំហំប្រហែលពីរដង នៃកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមានជាមួយក្រុមហ៊ុន Merck។ តម្លៃរបស់ថ្នាំ Pfizer ទាបជាងច្រើន បើធៀបនឹងតម្លៃថ្នាំរបស់ក្រុមហ៊ុន Merck ដែលមានតម្លៃប្រមាណ ៧០០ដុល្លាអាមេរិកសម្រាប់មួយវគ្គ ខណៈថ្នាំរបស់ Pfizer មានតម្លៃប្រហែល៥៣០ដុល្លារក្នុងមួយវគ្គ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer នៅសប្តាហ៍នេះ បានដាក់ពាក្យសុំការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ សម្រាប់ឱសថដែលមានឈ្មោះថា Paxlovid របស់ខ្លួន ក្រោយទិន្នន័យដែលបានរាយការណ៍ពីមុនបានបង្ហាញថា ថ្នាំនេះមានប្រសិទ្ធភាពរហូតដល់៨៩% ក្នុងការការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់រហូតចូលមន្ទីរពេទ្យ ឬការស្លាប់ក្នុងក្រុមដែលមានហានិភ័យខ្ពស់។

ក្រុមហ៊ុនផលិតឱសថនេះបានគូសបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមផ្តល់ការព្យាបាលឱ្យបានឆាប់នៅឆ្នាំនេះ ប្រសិនបើថ្នាំ Paxlovid ត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក៕