(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន បានបង្ហើបឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងតែពិចារណា ក្នុងការធ្វើពហិការផ្នែកការទូត ចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង ឆ្នាំ២០២២ ដែលជាការបោះជំហានក្នុងន័យតវ៉ា ចំពោះរបាយការណ៍សិទ្ធិមនុស្សនៅចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ចូ បៃដិន បានថ្លែងក្នុងឱកាសជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) យ៉ាងដូច្នេះថា «វាជាអ្វីដែលយើងកំពុងគិតពិចារណា»។ លោក ចូ បៃដិន បានឆ្លើយតបបែបនេះទៅកាន់សំនួរថា តើសហរដ្ឋអាមេរិកនឹងធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន ដែរឬមួយក៏យ៉ាងណា។

សម្រាប់ពាក្យថា «ពហិការផ្នែកការទូត» នោះគឺមានន័យថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនមន្ត្រីទូតរបស់ខ្លួន ទៅចូលរួមក្នុងពិធីបើក ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ក្នុងខែកុម្ភៈ ឆ្នាំ២០២២ នោះឡើយ។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) អំពីការធ្វើពហិការរបស់អាមេរិក, អ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សារគី (Jan Psaki) បានឆ្លើយតបវិញថា សហរដ្ឋអាមេរិកនឹងចាត់វិធានការ ជាការឆ្លើយតបនឹងក្តីព្រួយបារម្ភជាពន់ពេករបស់ខ្លួន ចំពោះបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងរបស់ចិន។

ភ្លាមៗ, ប្រទេសចិនមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការលើកឡើងរបស់ សហរដ្ឋអាមេរិកខាងលើនេះឡើយ។ ភាពរកាំរកូសថ្មីនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីអាមេរិកលោក ចូ បៃដិន បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូជាលើកដំបូង ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងរវាងគ្នា ជាពិសេសទៅលើបញ្ហាកោះតៃវ៉ាន់៕