(ស៊ីដនី)៖ ប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រនេះ បានឆ្លើយតបទៅកាន់មន្ត្រីទូតជាន់ខ្ពស់ចិនវិញ ជុំវិញពាក្យរិះគន់ធ្ងន់ៗមកលើខ្លួន ជុំវិញការផលិតនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ ដែលទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្ត្រីទូតជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មការទូតចិន ប្រចាំនៅប្រទេសអូស្ត្រាលី លោក វ៉ាង ស៊ីមីង (Wang Xining) បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា អូស្ត្រាលីនឹងក្លាយជាប្រទេសមួយដែលកោងកាច ប្រសិនបើប្រទេសនេះដាក់ឲ្យដំណើរការ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានសមត្ថភាពប្រយុទ្ធ និងធ្វើប្រតិបត្តិការរយៈពេលយូរនោះ។

លោក Wang បានសង្កត់ធ្ងន់ប្រាប់សារព័ត៌មាន The Guardian ទៀតថា «នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានរចនាឡើងដើម្បីវាយប្រហារ គោលដៅស្ថិតនៅរយៈចម្ងាយឆ្ងាយ។ ដូច្នេះ, តើអ្នកនឹងវាយប្រហារនរណា? អ្នកនឹងមិនមែនជាប្រទេសដែលស្រឡាញ់សន្តិភាព និងការពារសន្តិភាពមួយនោះឡើយ, ហើយអ្នកនឹងក្លាយជាអ្នកកាន់ដាវមួយយ៉ាងពិតប្រាកដ...»

លោក Wang បានថ្លែងទៀតថា សមត្ថភាពគ្រប់គ្រងនុយក្លេអ៊ែរ ដែលប្រទេសអូស្ត្រាលីមាន ដើម្បីដោះស្រាយបញ្ហាណាមួយ នៅពេលមានផលប៉ះពាល់ពីសំណាក់ នាវាមុជទឹក-នុយក្លេអ៊ែរ នោះគឺ «សូន្យ» ដូច្នេះសួរថា តើអ្នកនយោបាយបច្ចុប្បន្នបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសុំទោសប្រជាជនហើយឬនៅ ប្រសិនបើមានឧបទ្ទវហេតុណាមួយកើតឡើង?

ជុំវិញការលើកឡើង ដោយមន្ត្រីទូតជាន់ខ្ពស់ចិនខាងលើនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក ភីតថឺ ដតថុន (Peter Dutton) បានឆ្លើយតបវិញដោយចំអកថា «នេះជាការលើកឡើងបែបកំប្លែង និងគួរឱ្យអស់សំណើចណាស់...»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត់ ម៉ូរីសុន (Scott Morrison) បានប្រកាសកាលពីខែកញ្ញា កន្លងទៅនេះ អំពីការសម្រេចចិត្តសាងសង់ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោយពីបានសម្រេចចុះកិច្ចព្រមព្រៀង សន្តិសុខត្រីភាគី (AUKUS) ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ កិច្ចព្រមព្រៀងនេះ មិនត្រឹមតែនាំឲ្យភាពរកាំរកូសជាមួយចិន កាន់តែរីកធំឡើងប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ក៏បានរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ជាពិសេសគឺជាមួយប្រទេសបារាំង៕