(ប៉ារីស)៖ ប្រទេសបារាំងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានរាយការណ៍ថា មានអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន២០,៣៦៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសនេះកើនឡើងដល់ ៧,៣៥១,៣២៤។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមទិន្នន័យពីទីភ្នាក់ងារសុខភាពសាធារណៈរបស់បារាំង ការស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ១៩ ចំនួន៥៧ នាក់ទៀត ក៏ត្រូវបានកត់ត្រាផងដែរក្នុងអំឡុងពេលដូចគ្នានេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់ ១១៨,៣៧៣នាក់។

ចំនួនអ្នកជំងឺចូលពេទ្យថ្មីៗ និងចំនួនអ្នកជំងឺធ្ងន់ធ្ងរក៏បានបន្តកើនឡើងផងដែរ។ យោងតាមទីភ្នាក់ងារដដែលនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមានអ្នកជំងឺចំនួន៧,៧៨៧ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កើនឡើងចំនួន៥២២នាក់កាលពីថ្ងៃមុន។ ក្នុងពេលជាមួយគ្នានេះដែរ មានអ្នកជំងឺចំនួន១,៣៣៣នាក់នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដែលក្នុងនោះមាន១១៩នាក់ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕