(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃសុក្រនេះ (ម៉ោងនៅវ៉ាស៊ីនតោន) នឹងផ្ទេរអំណាចជាបណ្ដោះអាសន្នទៅឱ្យអនុប្រធានាធិបតី លោកស្រី Kamala Harris ខណៈពេលដែលលោកកំពុងស្ថិតក្រោមការប្រើប្រាស់ថ្នាំសន្លប់ សម្រាប់ការពិនិត្យពោះវៀនធំតាមទម្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លេខាធិការសារព័ត៌មានសេតវិមានលោក Jen Psaki បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អនុប្រធានាធិបតីនឹងធ្វើការពីការិយាល័យរបស់លោកស្រីនៅ West Wing ក្នុងអំឡុងពេលនេះ ខណៈពេលដែលប្រធានាធិបតី Biden បានទៅដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed នៅព្រឹកនេះដើម្បីទទួលការពិនិត្យ និងព្យាបាលប្រចាំឆ្នាំជាទម្លាប់»។

គួរជម្រាបថា លោក Joe Biden គឺជាប្រធានាធិបតីអាមេរិកដែលមានវ័យចំណាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយលោកក៏មានរឿងអាស្រូវច្រើនដែរទាក់ទងនឹងសុខភាពរបស់លោក៕