(បាកដាដ)៖ ប្រទេសអ៊ីរ៉ាក់បានចេញមុខច្រានចោល សេចក្តីរាយការណ៍មួយចំនួនដែលថា សហរដ្ឋអាមេរិកនឹងអូសបន្លាយពេលវេលា ដើម្បីបន្តរក្សាវត្តមានយោធារបស់ខ្លួន ក្នុងទឹកដីប្រទេសនេះហួសពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក តាហ៍ស៊ីន អាល់ ខាហ្វាជី (Tahseen al-Khafaji) អ្នកនាំពាក្យនៃទីបញ្ជាក់ការប្រតិបត្តិការយោធារួមអ៊ីរ៉ាក់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា សេចក្តីរាយការណ៍អំពីការអូសបន្លាយពេល ក្នុងការដកទ័ពអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់នោះគឺ «មិនច្បាស់លាស់ និងមិនត្រឹមត្រូវ» ហើយកាលកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ការដកកងទ័ពអាមេរិកចេញនោះ គឺមិនមានការផ្លាស់ប្តូរឡើយ។

លោក Al-Khafaji បានគូសបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក បន្ទាប់ពីការចាកចេញរបស់កងទ័ពប្រយុទ្ធរបស់អាមេរិកនោះ នឹងស្ថិតនៅក្នុងរង្វង់នៃការហ្វឹកហ្វឺន ដោះដូរសព្វាវុធ និងចែករំលែកព័ត៌មានចារកម្ម ដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការចេញមុខបកស្រាយពីសំណាក់ភាគីអ៊ីរ៉ាក់នេះ បានកើតមានឡើង បន្ទាប់សារព័ត៌មានមួយចំនួនបានចុះផ្សាយថា កងទ័ពប្រយុទ្ធរបស់សហរដ្ឋអាមេរិក នឹងមិនចាកចេញពីទឹកដីអ៊ីរ៉ាក់ និងស៊ីរីនោះឡើយ បើទោះបីជាមានការប្រកែកតស៊ូមតិ ដែលចង់ឲ្យសហរដ្ឋអាមេរិកដកខ្លួន ចេញពីតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការដកខ្លួនយ៉ាងតក់ក្រហល ចេញពីអាហ្វហ្គានីស្ថានក៏ដោយ។

កាលពីខែកក្កដា កន្លងទៅនេះថ្មីៗនេះ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ាក់បានបើកកិច្ចសន្ទនាមួយ ដោយបានឈានទៅរកកិច្ចព្រមព្រៀង ដកកងទ័ពប្រយុទ្ធអាមេរិកទាំងអស់ ចេញពីទឹកដីអ៊ីរ៉ាក់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕