(ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌា បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់ និងជាង ១០០នាក់ផ្សេងទៀតបាត់ខ្លួន នៅក្នុងរដ្ឋ អាន់ដ្រា ប្រាដែស (Andhra Pradesh) ភាគខាងត្បូងប្រទេសឥណ្ឌា ដោយសារទឹកជំនន់បានកើតមានឡើងភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុក។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ទឹកជំនន់យ៉ាងឆាប់រហ័សត្រូវបានអាជ្ញាធរឥណ្ឌារាយការណ៍ថា បានជនលិចស្រុកចំនួនបួននៅក្នុងរដ្ឋ Andhra Pradesh ដោយបានបង្កឲ្យមនុស្សស្លាប់ និងបាត់ខ្លួនរាប់រយនាក់។ កងកម្លាំងសង្គ្រោះជាច្រើនក្រុម ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ទាំងឡាយ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួន កំពុងតែបន្តទៅមុខ។

គួរបញ្ជាក់ថា ចរាចរណ៍ផ្លូវដែក និងផ្លូវថ្នល់នៅក្នុងតំបន់ជាច្រើនក្នុងរដ្ឋ Andhra Pradesh ក៏បាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ខាងលើនេះផងដែរ។ ប្រទេសឥណ្ឌានៅក្នុងឆ្នាំ ២០២១ នេះ ត្រូវបានគេមើលឃើញថា បានរងគ្រោះទឹកជំនន់ និងព្យុះភ្លៀងយ៉ាងខ្លាំងក្លាខុសពីរាល់ឆ្នាំ ដែលកំពុងធ្វើឲ្យអ្នកជំនាញអាកាសធាតុ មានការព្រួយបារម្ភកាន់តែខ្លាំង អំពីគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរឡើងៗ បណ្តាលមកពីការប្រែប្រួលអាកាសធាតុភពផែនដី៕