(ឈីកាហ្គោ)៖ យ៉ាងហោចណាស់មនុស្ស ០៥នាក់បានស្លាប់ និងជាង ៤០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តប្រភេទ SUV ពណ៌ក្រហមមួយគ្រឿង បានបើកក្នុងល្បឿនយ៉ាងលឿន ទៅបុកហ្វូងមនុស្សដែលកំពុងដង្ហែក្បួនបុណ្យណូអែលនៅក្នុងទីក្រុង វ៉ូគីសា (Waukesha) ក្នុងរដ្ឋ វីស្កុនស៊ីន (Wisconsin) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

មន្រ្តីប៉ូលិសទីក្រុង Waukesha បានសរសេរសារបង្ហោះ នៅលើគណនីបណ្ដាញសង្គម Twitter ថា «នៅពេលនេះ យើងអាចបញ្ជាក់បានថា មនុស្ស ០៥នាក់បានស្លាប់ និងជាង ៤០នាក់បានរងរបួស។ ទោះជាយ៉ាងណាក៏ដោយ ចំនួនទាំងនេះអាចផ្លាស់ប្តូរថែមទៀត នៅពេលដែលយើងប្រមូលបានព័ត៌មានបន្ថែម»

ជុំវិញបញ្ហានេះ លោក ដាន ថមសុន (Dan Thompson) អគ្គមេបញ្ជាការប៉ូលិសទីក្រុង Waukesha បាននិយាយថា រថយន្តនោះ ត្រូវបានឃាត់ទុកហើយ ខណៈបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុនោះ ក៏កំពុងស្ថិតក្រោមការឃុំខ្លួនផងដែរ។ ទោះជាយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេ ថាតើវាជាករណីជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា ឧប្បតិ្តហេតុខាងលើ ត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីវេលាម៉ោង ០៤៖៣០នាទី រសៀលថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅសហរដ្ឋអាមរិក) នៅពេលដែលរថយន្តប្រភេទ SUV ពណ៌ក្រហមមួយគ្រឿង បានបើកបុករនាំងចូលទៅក្នុងផ្លូវ ដែលក្បួនដង្ហែបុណ្យណូអែលកំពុងប្រព្រឹត្តទៅ ក្នុងល្បឿនយ៉ាងលឿន៕