(វ៉ាស៊ីនតោន)៖ តើសហរដ្ឋអាមេរិក និងចិនអាចបន្ធូរបន្ថយភាពតានតឹងនៃទំនាក់ទំនងសព្វថ្ងៃ តាមរយៈកីឡាវាយកូនបាល់នៅលើតុ ឬ ping-pong ដើម្បីឆ្ពោះទៅរកការ រួមរស់ជាមួយគ្នាដោយសន្តិភាព សាជាថ្មីបានដែរឬទេ?

កីឡាករមកពីប្រទេសចិន និងសហរដ្ឋអាមេរិក នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាជើងឯក ping-pong ពិភពលោក ក្នុងទីក្រុងហូស្ដុន នៅក្នុងសប្ដាហ៍នេះដើម្បីរំលឹកដល់ ព្រឹតិ្តការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រកីឡា និងការទូត។ កាលពីជាង៥០ឆ្នាំមុន អតីតមេដឹកនាំចិន លោក ម៉ៅ សេទុង បានអញ្ជើញក្រុមកីឡាករវាយកូនបាល់ នៅលើតុរបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងការប្រកួតមិត្តភាព ហើយដែលកីឡានេះត្រូវបានគេចាត់ទុកថា «ការទូតកីឡា ping-pong» ដ្បិតវាបាន នាំឱ្យភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនាសម័យសង្រ្គាមត្រជាក់ ថមថយកម្ដៅរហូតដល់នាំឱ្យមានជំនួបជាសម្ងាត់រវាងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ហេនរី ឃីសស៊ីងហ្គឺ (Henry Kissinger) ជាមួយមន្ត្រីជាន់ខ្ពស់ចិន និងការបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អតីតប្រធានាធិបតីលោក រីឆាដ និកសុន (Richard Nixon) ទៅកាន់ប្រទេសចិន។

ទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងចិន កំពុងសិ្ថតនៅកម្រិតទាបបំផុត ដោយមហាយក្សទាំង២ មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ក្នុងនោះរួមមានការកើនឡើង ឥទ្ធិពលចិន, ទីក្រុងហុងកុង, កោះតៃវ៉ាន់, បញ្ហាសិទ្ធិមនុស្ស និងជនជាតិដើមភាគតិចមូស្លីមអ៊ុយហ្គឺ Uyghur ក្នុងតំបន់ស៊ីនជាំង ព្រមទាំងការអភិវឌ្ឍវិស័យយោធាចិន ជាដើម។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបង្ហាញពីភាពភ្ញាក់ផ្អើលលាយឡំជាមួយកង្វល់ ជុំវិញការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាង សំឡេងរបស់ចិន បើទោះជាខាងទីក្រុងប៉េកាំងបដិសេធថាខ្លួនមិនបានធ្វើតេស្ដមីស៊ីលប្រភេទនេះក៏ដោយ។ មួយវិញទៀត ទោះជាលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ស៊ី ជិនពីង បានជួបសន្ទនាគ្នាតាមទូរស័ព្ទក៏ដោយ ប៉ុន្តែឥលូវនេះលោក បៃដិនខ្លួនឯងបែរជាកំពុងរងសម្ពាធនយោបាយឱ្យអំពាវនាវឱ្យមានការ ធ្វើពហិការចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលទីក្រុងប៉េកាំងធ្វើជាម្ចាស់ផ្ទះទៅវិញ។

បើផ្អែកលើទិដ្ឋភាពជាក់ស្ដែង សហរដ្ឋអាមេរិក និងចិន មានទំនោរប្រកួតប្រជែងគ្នា ជាជាងធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា។ នេះហើយគឺជាក្ដីកង្វល់ដ៏ធំ ពីព្រោះថាជាធម្មតាការប្រជែងគ្នារវាងមហាអំណាច អាចនឹងនាំមកនូវសេចក្ដីវិនាសកម្មធ្ងន់ធ្ងរ ប្រសិនបើពួកគេមិនអាចគ្រប់គ្រងភាពតានតឹងនៃទំនាក់ទំនងបានទេនោះ។ កីឡា ping-pong ធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងអាមេរិក និងចិន នាអំឡុងសម័យសង្រ្គាមត្រជាក់។ ដូច្នេះថាតើកីឡា ping-pong អាចធ្វើឱ្យទំនាក់ទំនង រវាងចិន និងអាមេរិកសព្វថ្ងៃត្រឡប់ទៅរកភាពប្រក្រតីវិញម្ដងទៀត បានដែរឬក៏យ៉ាងណា?

ការប្រកួតកីឡា ping-pong រៀបចំឡើងនៅក្នុងទីក្រុងហូស្ដុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នឹងធ្វើឡើងជាលក្ខណៈ២ ទល់នឹង២ ដោយកីឡាករចិន Liu Guoliang និងចាប់ដៃគូជាមួយកីឡាការនីអាមេរិក Lily Zhang រីឯកីឡាករអាមេរិក Kanak Jha នឹងត្រូវចាប់ដៃគូជាមួយកីឡាការនីចិន Wang Manyu។ លោក Liu Guoliang បានចាត់ទុកថាការប្រកួតជើងឯកកីឡា ping-pong នេះថាមិនមែនត្រឹមជាឱកាសជួសជុលទំនាក់ទំនងនៅទូទាំងតំបន់ប៉ាស៊ីហ្វិកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជ័យជម្នះ មួយលើ COVID-19 ផងដែរ។ «អត្តពលិកទាំងនេះ ដែលជាមិត្តនឹងគ្នាទៅវិញទៅមក អាចធ្វើការជាមួយគ្នានៅក្នុងការប្រកួតប្រជែង ដូច្នេះអ្នកគាំទ្រមកពីប្រទេសទាំង២ ក៏អាចលើកទឹកចិត្តដល់ពួកគេ ឆ្ពោះទៅរកការបើកទំព័រថ្មីនៃការទូតកីឡា ping-pong នៅក្នុងយុគសម័យថ្មីនេះ»។ នេះជាការបញ្ជាក់របស់លោក Liu Guoliang។

គួរបញ្ជាក់ថា នៅអំឡុងសម័យសង្រ្គាមត្រជាក់ «ការទូតកីឡា ping-pong» បានជួយសា្ដរឡើងវិញនូវទំនាក់ទំនងរវាងចិន និងអាមេរិក ប៉ុន្តែបច្ចុប្បន្នប្រទេសទាំង២ ត្រូវបាន ក្រុមអ្នកជំនាញខ្លះយល់ថាបានធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់យុគសម័យថ្មីទៅហើយ ដែលនេះពិបាកខ្លាំងណាស់ក្នុងការនិយាយថាទំនាក់ទំនងទ្វេភាគីអាចនឹងល្អប្រសើរ ឡើងវិញ គ្រាន់តែការលេងកីឡា ping-pong។ ដ្បិតនៅក្នុងសម័យសង្រ្គាមត្រជាក់កាលពីជាង៥០មុន វាជាការប្រជែងគ្នារវាងអាមេរិក និងអតីតសហភាពសូវៀត តែសព្វថ្ងៃ គូប្រជែងជួរមុខគេរបស់អាមេរិក គឺចិន។ ត្រង់នេះមានន័យថា នៅកាលណោះសហរដ្ឋអាមេរិកត្រូវគ្នាជាមួយចិន ដើម្បីប្រឆាំងនឹងអតីតសហភាពសូវៀតដែលពួកគេយល់ថា ជាសត្រូវរួម។

ម្លោះហើយ គេអាចនិយាយបានថាទាំងអាមេរិក និងចិន នឹងប្រជែងគ្នា ជាជាងធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា ដោយគ្រាន់តែពួកគេអាចនឹងធ្វើការជាមួយគ្នាក្នុងរយៈពេលខ្លីទៅលើបញ្ហាមួយចំនួនដែលមិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ពួកគេតែប៉ុណ្ណោះ ហើយក្នុងរយៈពេលវែង ជាពិសេសខណៈឥទ្ធិពលចិនកាន់តែកើនឡើង អាមេរិក គ្មានជម្រើសអ្វីផ្សេងក្រៅតែពីប្រឹងខ្ទប់ឥទ្ធិពលចិន ដើម្បីកុំឱ្យចិនវ៉ាដាច់ខ្លួនក្លាយជាមហាអំណាចពិភពលោក៕

ប្រភព៖ CNN (ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១)