(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងដំណាក់កាលដំបូង ព្រមជាមួយការស្រាវជ្រាវបន្ថែមទៀត ដើម្បីយល់ពីឥទ្ធិពល និងការវិវឌ្ឍនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ «B.1.1.529» ខណៈទីក្រុងហុងកុងរបស់ចិន បានក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលបានរកឃើញវត្តមានវីរុសថ្មីនេះ លើបុរសពីរនាក់ ដែលបានធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង។ នេះបើតាមការដកស្រង់ ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP នារសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ កឺខូវ (Maria Van Kerkhove) ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO។ ក្នុងដំណាក់កាលនៃការប្រឈមមុខ នឹងវីរុសបំប្លែងខ្លួនថ្មី ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយនេះ លោកស្រីវេជ្ជបណ្ឌិត Maria Van Kerkhove នៅតែបន្តណែនាំអំពីសារៈសំខាន់ នៃការធានាឲ្យបានការចាក់វ៉ាក់សាំងពេញលេញ។

ប្រទេសមួយចំនួនដែលបានស្វែងយល់ អំពីវីរុសបំប្លែងថ្មី B.1.1.529 ខាងលើនេះ ដូចជាចក្រភពអង់គ្លេស និងអ៊ីស្រាអែលជាដើម បានសម្រេចផ្អាកជើងហោះហើរ ជាមួយប្រទេសអាហ្វ្រិកខាងត្បូង និង បុតស្វាណា (Botswana) ព្រមទាំងប្រទេសចំនួន ៣ ទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) រួចរាល់ហើយ ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ខណៈប្រទេសអូស្ត្រាលីវិញក៏កំពុងគិតគូរ ក្នុងការធ្វើដូចគ្នានេះផងដែរ។

ដោយឡែកសម្រាប់ប្រទេសឥណ្ឌាវិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញបញ្ជាឲ្យអាជ្ញាធរតាមអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ដាក់ឧបករណ៍តាមដានសុខភាព ទៅលើអ្នកដំណើរមកពីប្រទេសទាំង ៥ នៅតំបន់អាហ្វ្រិកខាងត្បូងខាងលើនេះផងដែរ ហើយការកែសម្រួលផ្នែកទិដ្ឋាការ ចំពោះប្រទេសទាំង ៥ នេះ កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យ។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នេះ មានទ្រង់ (Spike Protein) ខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ក្រុមមន្ត្រីអង់គ្លេសបានកំណត់ថា វីរុសនេះប្រហែលជាមានការបំប្លែងខ្លួន «ទ្វេដង» ដែលយើងបានឃើញនៅក្នុងវីរុសបំប្លែងខ្លួន Delta ហើយវាជាអ្វីដែល «អាក្រក់បំផុត» ព្រោះវ៉ាក់សាំងនានាបច្ចុប្បន្ននេះ ទំនងជាមិនមានប្រសិទ្ធភាពក្នុងការទប់ទល់វាឡើយ។

គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងសប្តាហ៍នេះតែម្តង ហើយវាបានរីករាលដាល ទៅកាន់ប្រទេសចំនួន ០៤ ទៀតដែលនៅក្បែរខាងដូចខាងលើនេះ។ នៅប្រទេសអាហ្វ្រិកខាងត្បូងតែឯង វីរុសនេះត្រូវបានរកឃើញលើមនុស្សជាង ១០០នាក់ហើយ ខណៈនៅប្រទេសបុតស្វាណាវិញមានចំនួនតិចតួចនៅឡើយ។ ចំពោះអការៈរោគ ឬផលប៉ះពាល់ធ្ងន់ធ្ងរក្នុងកម្រិតណា ចំពោះសុខភាព នៅពេលមនុស្សឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះ គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ៕