(បាងកក)៖ ការសិក្សាថ្មីមួយដោយវិទ្យាស្ថានបច្ចេកវិទ្យាអាស៉ី (AIT) បានរកឃើញថា បញ្ហាប្រែប្រួលអាកាសធាតុ និងការធ្វើនគរូបនីយកម្ម ដោយឥតព្រាងទុក នឹងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់បន្ថែមទៀត នៅទីក្រុងបាងកកនៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ការសិក្សារបស់វិទ្យាស្ថាន AIT បានលើកឡើងថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ នឹងត្រូវបង្ហាញនៅក្នុងទម្រង់កាន់តែធ្ងន់ធ្ងរៗ សម្រាប់ទីក្រុងធំៗក្នុងតំបន់អាស៉ី រួមមានទាំងទីក្រុងបាងកកជាដើម ពោលគឺគ្រោះធម្មជាតិ ដូចជាគ្រោះរាំងស្ងួត ព្រមទាំងគ្រោះទឹកជំនន់ កាន់តែមានស្ថានភាពអាក្រក់ទៅៗ។

គួរបញ្ជាក់ថា កត្តាផ្សេងៗទៀត នៃការធ្វើនគរូបនីយកម្ម ដោយមិនបានគ្រោងទុក ដូចជាការផ្លាស់ប្តូរគោលដៅនៃការប្រើប្រាស់ដី, កំណើនប្រជាជន, ការអភិវឌ្ឍឧស្សាហកម្ម, និងការពង្រីកតំបន់កសិកម្ម ជាដើម ក៏ជួយជំរុញហានិភ័យ នៃគ្រោះទឹកជំនន់ផងដែរ៕