(មែលប៊ន)៖ ប្រទេសអូស្ត្រាលីបានសម្រេច ដាក់ចេញនូវវិធានការរឹតត្បិតថ្មី ចំពោះអ្នកដំណើរមកពីប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូងចំនួន ៩ ខណៈមេរោគ COVID-19 បំប្លែងខ្លួនថ្មី «អូមីក្រុង» (Omicron) កំពុងបង្កឲ្យពិភពលោកទាំងមូល ព្រួយបារម្ភជាខ្លាំងឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រទេសទាំង ៩ ដែលអូស្ត្រាលីបានសម្រេចធ្វើការរឹតត្បិតនោះរួមមាន អាហ្វ្រិកខាងត្បូង, ណាមីបៀរ, ហ្ស៊ីមបាបវ៉េ, បុតស្វាណា, ឡេសូតូ, អេស្វាទីនី, សីសែល (Seychelles), ម៉ាឡាវី និងម៉ូហ្សំប៊ីក។ ការសម្រេចចិត្តនេះ គឺត្រូវអនុវត្តភ្លាមៗចាប់ពីថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា នេះតែម្តង។

ក្រសួងសុខាភិបាលអូស្ត្រាលីបានគូសបញ្ជាក់ថា អ្នកដែលមិនមែនជាប្រជាជនអូស្ត្រាលី មកពីប្រទេសទាំង ៩ ខាងលើនេះ ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរមកកាន់អូស្ត្រាលីឡើយ ខណៈប្រជាជនអូស្ត្រាលី និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ ដែលត្រឡប់ពីប្រទេសទាំង ៩ នោះវិញ នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ពេលមកដល់។ អូស្ត្រាលីក៏នឹងផ្អាកការធ្វើដំណើរតាមផ្លូវអាកាស ជាមួយប្រទេសទាំង ៩ ខាងលើនេះរយៈពេល ២សប្តាហ៍ផងដែរ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ឈ្មោះវីរុសបំប្លែងថ្មី «B.1.1.529» ដែលទើបត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង នោះជាផ្លូវការថា «អូមីក្រន់» (Omicron) និងចាត់ទុកថា «វាជាវីរុសដែលគួរឲ្យបារម្ភ» ខណៈស្លាកនេះត្រូវបាន WHO ដាក់ឲ្យមេរោគបំប្លែងខ្លួនចំនួន ៤ ប៉ុណ្ណោះកន្លងមក។ អ្វីដែលសំខាន់គឺ Omicron ត្រូវបានពិភពលោកព្រួយបារម្ភបំផុតថា មានសមត្ថភាពចម្លងខ្លាំងជាងវីរុស Delta និងអាចយកឈ្នះលើវ៉ាក់សាំងនានាបច្ចុប្បន្ន៕