(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែល បានប្រកាសថានឹងហាមឃាត់ជនបរទេសទាំងអស់ចូលមកក្នុងប្រទេសរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវវីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េននេត (Naftali Bennett) បានបញ្ជាក់ថាការហាមឃាត់ខាងលើនឹងមានរយៈពេលបណ្ដោះអាសន្ន ១៤ថ្ងៃ ហើយក្នុងរយៈពេលនេះក្រុមមន្ត្រីអ៉ីស្រាអែលនឹងធ្វើការសិក្សាស្រាវជ្រាវដើម្បីរកឱ្យ ឃើញថាតើវីរុសបំប្លែងថ្មី Omicron អាចបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងបានដែរឬក៏យ៉ាងណា។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានចាត់ទុកវីរុសបំប្លែងថ្មី Omicron គឺជាវីរុសគួរឱ្យបារម្ភ ហើយការសម្រេចចិត្តខាងលើបានឱ្យអ៉ីស្រាអែល ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបិទព្រំដែនទាំងស្រុង ជាមួយការអនុវត្តវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងក្នុងនោះរួមមានទាំងការប្រើប្រាស់បច្ចេកវិទ្យាតាម ដានទូរស័ព្ទដៃរបស់ក្រុមភេរវករ ដើម្បីទប់ស្កាត់វីរុសបំប្លែងថ្មីផងដែរ។ ប្រទេស និងដែនដីមួយចំនួនដូចជាប៊ែលហ្សិក, បូតស្វាណា, ហុងកុង, អ៉ីតាលី, អាល្លឺម៉ង់, អ៉ីស្រាអែល និងចក្រភពអង់គ្លេស បានប្រកាសរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ដែលនេះកំពុងបង្កការព្រួយបារម្ភដល់ពិភពលោក ខណៈវិធានការរឹតត្បិតនានា ត្រូវបានដាក់ចេញជាថ្មី៕