(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មានផែនការតម្រូវឱ្យអ្នកដំណើរតាមជើងហោះហើរទាំងអស់ ចូលមកក្នុងប្រទេសរបស់ខ្លួន បង្ហាញលិខិតបញ្ជាក់ពីលទ្ធផលធ្វើតេស្ដ អវិជ្ជមាន COVID-19 ដែលធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ មុនចេញដំណើរ ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភពីវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយ

ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

អ្នកនាំាពាក្យមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានទទួលស្គាល់ពីផែនការខាងលើ ជាមួយការបញ្ជាក់ថាខ្លួនកំពុងតាមដាន និងសិក្សាពីវីរុសបំប្លែងថ្មី Omicron។ អ្នកនំាពាក្យរូបនេះបន្ថែមថាការធ្វើតេស្ដក្នុងរយៈពេល១ថ្ងៃ មុននឹងការចេញដំណើរមកកាន់សហរដ្ឋអាមេរិកនឹងត្រូវអនុវត្តលើអ្នកដំណើរអន្តរជាតិ រួមទាំង ពលរដ្ឋអាមេរិក ហើយមជ្ឈមណ្ឌល CDC កំពុងពិចារណាផងដែរថាតើគួរតែធ្វើតេស្ដរក COVID-19 បន្ថែមទៀតក្នុងរយៈពេល៣ ទៅ៥ ថ្ងៃ ក្រោយការធ្វើដំណើរមកដល់ សហរដ្ឋអាមេរិក ដែរឬក៏យ៉ាងណា។

គួរបញ្ជាក់ថា វិធានការរឹតត្បិតថ្មីខាងលើត្រូវបានគេរំពឹងថាអាចនឹងត្រូវបានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប៉ុន្តែភ្លាមៗមិនទាន់មានការ បញ្ជាក់ឱ្យច្បាស់ថាតើវិធានការនេះត្រូវចូលជាធរមាននៅពេលណានោះទេ៕