(ប៉េកាំង)៖ «វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ចិនបានប្តូរជោគវាសនានៃទីក្រុងទេសចរណ៍ដ៏សំខាន់នេះ»។ ស្ថានីយ៍ទូរទស្សន៍ដ៏សំខាន់មួយរបស់ប្រទេសហ្ស៊ីមបាវេ បានផលិតភាពយន្តឯកសារមួយនាពេលថ្មីៗកន្លងទៅនេះ ដោយបានរៀបរាប់ពីរឿងរ៉ាវអំពីនៅទីក្រុង Victoria Falls នៃប្រទេសហ្ស៊ីមបាវេ អ្នកស្រុកនិងអ្នកទេសចរមាន «អត្រាឆ្លងជំងឺទាបនិងករណីស្លាប់សូន្យ» ព្រមទាំងសម្រេចបាននូវការងើបសេដ្ឋកិច្ចឡើងវិញ ដោយសារប្រទេសនេះទទួលបាន ជំនួយជាវ៉ាក់សាំងជំងឺកូវីដ១៩ របស់ប្រទេសចិន ។

ក្នុងពិធីបើកនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ វេទិកាកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកលើកទី៨ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ប្រទេសចិននឹងរួមសហការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសអាហ្វ្រិកដើម្បីរួមគ្នាអនុវត្ត «គម្រោងចំនួន៩»។ ក្នុងនោះ ភារកិច្ចចម្បងគឺ គម្រោងខាងសុខាភិបាលនិងសុខភាព។ ប្រទេសចិនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ចិនចំនួន ១ពាន់លានដូសទៀតដល់អាហ្រ្វិក ក្នុងនោះ ៦០០លានដូសជាជំនួយដោយឥតគិតថ្លៃ ហើយ ៤០០លានដូសទៀត នឹងផ្តល់ដល់អាហ្រ្វិកតាមរយៈវិធី ដូចជា សហគ្រាសចិននិងប្រទេសអាហ្វ្រិកពាក់ព័ន្ធរួមគ្នាផលិតវ៉ាក់សាំងជាដើម ។ វិធានការថ្មីទាំងនេះនឹងកែប្រែយ៉ាងច្បាស់ នូវស្ថានភាពដែលអត្រាចាក់វ៉ាក់សាំង របស់អាហ្វ្រិកមានកម្រិតទាប ហើយនឹងបំពេញបន្ថែមនូវ «គម្លាតខ្លាំងនៃភាពស៊ាំនឹងរោគ» ផងដែរ ។

លើសពីនេះទៅទៀត «គម្រោងចំនួន៩» ក៏បានបូករួមទាំងខ្លឹមសារអំពីការកាត់បន្ថយភាពក្រីក្រ និងផ្ដល់ផលប្រយោជន៍ដល់កសិករ ការពង្រីកទ្រង់ទ្រាយពាណិជ្ជកម្មនិងការវិនិយោគ ក៏ដូចជាជំរុញការច្នៃប្រឌិតថ្មីផ្នែកសេដ្ឋកិច្ចឌីជីថល និងជំរុញការអភិវឌ្ឍបៃតងជាដើមផងដែរ។ ពីការជួយអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងពង្រីកកសិកម្មចំនួន ១០ ដល់ការធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាន នូវទំហំពាណិជ្ជកម្មសរុបខាងការនាំចូលរបស់ប្រទេសចិន ពីអាហ្រ្វិកឡើងដល់ ៣សែនលានដុល្លារអាមេរិក ក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ ពីការជំរុញសហគ្រាសចិនឱ្យសម្រេចបាន នូវការបណ្តាក់ទុននៅអាហ្រ្វិកមិនតិចជាង ១០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ ដល់ការជួយអនុវត្តគម្រោងសេដ្ឋកិច្ចឌីជីថលចំនួន ១០គម្រោងការពារបរិស្ថានបែបបៃតង និងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុចំនួន ១០ «គម្រោងចំនួន៩» ទាំងនេះមានកម្លាំងគាំទ្រយ៉ាងខ្លាំងក្លា បានគ្របដណ្តប់យ៉ាងទូលំទូលាយ ហើយបានកំណត់សន្ទស្សន៍យ៉ាងច្បាស់ ដែលបានសមស្របនឹងតម្រូវការនៃបណ្តាប្រទេសអាហ្រ្វិក លើវិស័យការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ការងើបឡើងវិញនៃសេដ្ឋកិច្ចនិងការអភិវឌ្ឍជានិរន្តរភាពបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺឆ្លង ដោយឡែកបានគ្រោងផែនទីបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

អាហ្រ្វិកគឺជាវេទិកាដ៏ធំមួយ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនមែនជាទីកន្លែងធ្វើការប្រកួតប្រជែងរបស់ប្រទេសធំៗនោះទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនយោបាយលោកខាងលិចមួយចំនួន បានច្រណែននឹងចំណងមិត្តភាពល្អរវាងចិននិងអាហ្រ្វិក ហើយបានខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអុជអាលបំបែកបំបាក់និងលាបពណ៌ទៅលើ ទំនាក់ទំនងរវាងភាគីទាំងពីរ។ ប៉ុន្តែ មើលពីសភាពការណ៍ជាក់ស្តែងអាចឃើញថា កលល្បិចទាំងនេះពិតជាឥតប្រយោជន៍ និងគួរឱ្យអស់សំណើចណាស់។ នាពេលបច្ចុប្បន្ននេះ ផ្លូវដែក ស្ពាននិងសាលារៀននីមួយៗ ដែលប្រទេសចិនបានជួយសាងសង់នៅលើដីគោកអាហ្រ្វិក សុទ្ធតែជាសាក្សីនៃការរួមសុខរួមទុក្ខ និងការស្គាល់ពីមិត្តភក្តិពិតប្រាកដក្នុងកាលៈទេសៈ នៃការលំបាករវាងប្រទេសចិននិងអាហ្វ្រិក ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ។

ពី «ផែនការកិច្ចសហប្រតិបត្តិការចំនួន១០» នាឆ្នាំ២០១៥ ដល់ «ផែនការប្រតិបតិ្តចំនួន ៨» នាឆ្នាំ២០១៨ រហូតដល់ «គម្រោងចំនួន ៩» នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកបានឈរនៅទីចាប់ផ្តើមថ្មី នៃកិច្ចកសាងសហគមន៍រួមវាសនាតែមួយរវាងចិន និងអាហ្វ្រិកក្នុងយុគសម័យថ្មីហើយ។ សម្លឹងមើលទៅកាន់អនាគត ប្រទេសចិនបានសន្យាដូចកាលពីមុនថា ប្រទេសចិននឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យបានល្អនូវរឿងទាំងអស់ ដែលបានធ្វើសន្យាចំពោះបងប្អូនអាហ្វ្រិកជាមិនខាន!