(ស៉ីដនី)៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron ក្នុងសហគមន៍ជាលើកដំបូងរបស់ខ្លួន ប៉ុន្តែអាជ្ញាធរបានរក្សាផែនការបើកសេដ្ឋកិច្ចឡើងវិញជាធម្មតា ចំពេលមានក្តីសង្ឃឹមថា វានឹងមានភាពស្រាលជាងវីរុសបំប្លែង ខ្លួនប្រភេទមុនៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមអាជ្ញាធររដ្ឋ ញូសោតវែលស៍ (New South Wales ឬ NSW) ករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron ខាងលើ គឺជាសិស្សសាលាមកពីទីក្រុងស៊ីដនី និងជាមនុស្សម្នាក់ដែលមិនបានធ្វើដំណើរចេញទៅក្រៅប្រទេសឡើយ ដែលវាជាសញ្ញាមួយបង្ហាញថា វាកំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍ហើយ នាពេលឥឡូវនេះ។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីសុខាភិបាលរដ្ឋ NSW លោក ប្រ៊ែដ ហាហ្សាដ (Brad Hazzard) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដោយពន្យល់ពីមូលហេតុ ដែលរដ្ឋដែលមាន ប្រជាជនច្រើនបំផុតរបស់អូស្ត្រាលី មិនផ្លាស់ប្តូរផែនការបើកដំណើរការឡើងវិញពីការបិទខ្ទប់យ៉ាងតឹងរ៉ឹង ដែលបានដាក់ចេញកាលពីខែកក្កដាកន្លងទៅនេះ ដោយសារវីរុស COVID-19 បំប្លែងខ្លួន Delta ថា «ការឆ្លងរីករាលដាល គឺតែងតែជាការព្រួយបារម្ភ ប៉ុន្តែយើងត្រូវតែរក្សាវាម្តងទៀត នៅក្រោមការពិចារណាប្រកបដោយ ហេតុផលសមស្របមួយ»

លោក Brad Hazzard បានបន្ថែមថា នៅទូទាំងពិភពលោក គេមិនទាន់មានភាពច្បាស់លាស់ទេថា តើវីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron នឹងបង្កឱ្យយើងស្ថិតនៅកន្លែង ជាប់គាំងដូចដែលវីរុសបំប្លែងខ្លួនប្រភេទមុនៗបានបង្កដែរ ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី បានកត់ត្រានូវករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី Omicron សរុបចំនួន ០៩ករណីហើយ ដែល ០៨ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋ NSW ជាកន្លែងដែលមួយភាគបីនៃប្រជាជនសរុបចំនួន ២៥លាននាក់របស់ប្រទេសនេះរស់នៅ៕