(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង

ការវាយប្រហារដោយរលកឆ្លងទី៤ នៃ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមលោក Joe Phaahla មកទល់នឹងពេលនេះ ករណីឆ្លងវីរុសបំប្លែងថ្មី Omicron ត្រូវបានរាយការណ៍នៅក្នុងខេត្តចំនួន៧ហើយ ក្នុងចំណោមខេត្តសរុបទាំង៩ របស់អាហ្វ្រិកខាងត្បូង។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Joe Phaahla បានបញ្ជាក់បន្ថែមដូច្នេះថា «យើងអាចគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្នបាន ដោយមិនទាន់ចាំបាច់ ដាក់ចេញវិធានការរឹតត្បិតដ៏តឹងរ៉ឹងនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើយើងទាំងអស់គ្នាចូលរួមអនុវត្តកាតព្វកិច្ចការពារសុវត្ថិភាព»

ការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរសុខាភិបាលអាហ្វ្រិកខាងត្បូងបានបញ្ចេញទិន្នន័យបឋមរបស់ខ្លួនដោយបង្ហាញថាអត្រាលាប់ជំងឺឡើងវិញ បង្កឡើងដោយ Omicron គឺមានហានិភ័យខ្ពស់ជាង៣ដង បើធៀបទៅនឹងវីរុសបំប្លែងថ្មី Beta និង Delta។ តែមិនទាន់អាចបញ្ជាក់ថា Omicron មានភាពកាចសាហាវកម្រិតណានោះទេ។

គួរបញ្ជាក់ថា បើតាមលោក Joe Phaahla រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងអាចនឹងគ្រប់គ្រងស្ថានការណ៍នៃរលកឆ្លង COVID-19 លើកទី៤ នេះបាន ដោយមិនចាំបាច់ដាក់ចេញ វិធានការបិទខ្ទប់ដ៏តឹងរ៉ឹង អំឡុងបុណ្យណូអែលខាងមុខនេះ ហើយលោកក៏បានជំរុញផងដែរឱ្យប្រជាជនអាហ្វ្រិកខាងត្បូងដែលមិនទាន់បានចាក់វ៉ាក់សាំង ប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការ៕