(ម៉ានីល)៖ នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោក តាក់កឺស៉ី កាសៃ (Takeshi Kasai) នៅថ្ងៃសុក្រនេះបានជំរុញឱ្យប្រជាជន រក្សាការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

ការិយាល័យអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន បានឱ្យដឹងថាប្រទេសជាច្រើនកំពុងរាយការណ៍ពី ការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ ខណៈការឆ្លងរីករាលដាល ទំនងជាធំទូលាយជាងការរាយការណ៍នាពេលបច្ចុប្បន្ននេះ។

នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ លោក Takeshi Kasai បានសង្កត់ធ្ងន់លើតម្រូវការក្នុងការត្រៀមខ្លួនសម្រាប់ការកើនឡើងជាថ្មីនៃករណីឆ្លងជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាវាអាចបង្កហានិភ័យខ្ពស់ជាង៣ដង នៃការលាប់ ឬឆ្លងជំងឺនេះឡើងវិញ បើធៀបទៅនឹងវីរុសបំប្លែងថ្មី Delta និង Beta។

ប្រទេសជាច្រើន រួមទាំងហ្វីលីពីន បានដាក់កំហិតលើការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron ចូលមកកាន់ប្រទេសរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ លោក Takeshi Kasai បានព្រមានថា «ការគ្រប់គ្រងព្រំដែន គ្រាន់តែអាចពន្យារពេលកុំឲ្យវីរុសបំប្លែងថ្មី Omicron ឆ្លងរីករាលដាលចូលមកក្នុង ប្រទេសប៉ុណ្ណោះ ប៉ុន្តែនឹងមិនអាចរារាំងបានរហូតទេ ដូចច្នេះគ្រប់ប្រទេស និងសហគមន៍ទាំងអស់ ត្រូវតែត្រៀមខ្លួនសម្រាប់ការកើនឡើងជាថ្មីនៃករណីឆ្លងជំងឺនេះ»។

លោក Takeshi Kasai បន្ថែមថាពីវិធានការឆ្លើយតបដែលប្រទេសនានា អាចអនុវត្តដើម្បីចៀសវាងពី «បន្ទាត់ក្រហម» ឬស្ថានភាពដែលចំនួនករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ មានលើសពីសមត្ថភាពមន្ទីរពេទ្យ និងអង្គភាពថែទាំថា តំបន់នេះអាចចៀសផុតពី «បន្ទាត់ក្រហម» នៃការឆ្លងរីករាលដាលវីរុសបំប្លែងថ្មី Omicron ហើយអាចបន្តបើកដំណើរ ការសេដ្ឋកិច្ច និងសង្គមឡើងវិញ ដោយការចាក់វ៉ាក់សាំងជូនដល់ប្រជាជនឲ្យបានកាន់តែច្រើន ក៏ដូចជារក្សាការអនុវត្តយ៉ាងត្រឹមត្រូវនូវវិធានការសុខភាពសាធារណៈ និងសង្គម ព្រមទាំងធានាបានថា គ្រែមន្ទីរពេទ្យមានគ្រប់គ្រាន់សម្រាប់អ្នកដែលត្រូវការវា៕