(សិង្ហបុរី)៖ ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយ COVID-19 នៅតែបន្តលងបន្លាចពិភពលោក តាមរយៈការលេចចេញនូវីរុសបំប្លែងថ្មី Omicron ដែលកំពុងបង្ខំឱ្យបណ្ដា ប្រទេសជាច្រើនដាក់ចេញឡើងវិញនូវវិធានការបិទខ្ទប់ ឬរឹតត្បិតនានា។ មកទល់នឹងពេលនេះ ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅជុំវិញពិភពលោក បានកើនលើស ៥លាននាក់ ខណៈករណីឆ្លងត្រូវបានគេរំពឹងថាអាចនឹងកើនឡើងពី ២៦០លាននាក់នាពេលបច្ចុប្បន្ន ដល់ ៤៦០លាននាក់ នៅសរទរដូវ ឆ្នាំក្រោយ ហើយអង្គការសុខភាព ពិភពលោក WHO ក៏បានវាយតម្លៃផងដែរថាមនុស្សប្រហែលជា ៥លាននាក់បន្ថែមទៀតអាចនឹងស្លាប់ដោយជំងឺដ៏កាចសាហាវនេះ នៅប៉ុន្មានខែខាងមុខនេះ។

អង្គការសុខភាពពិភពលោក WHO និងក្រុមអ្នកជំនាញសុខាភិបាលជាច្រើនធ្លាប់បានព្រមានថាពិភពលោកទាំងមូលនឹងមិនអាចរស់នៅបានសុខឡើយ ប្រសិនជាមនុស្សគ្រប់រូប ជាពិសេសប្រជាជននៅតាមបណ្ដាប្រទេសក្រីក្រ មិនមាន ឬមិនបានទទួលការចាក់វ៉ាក់សាំងបង្ការទេនោះ។ វិសមភាពនៃការចាក់វ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ ដូចជានៅអាហ្វ្រិក គឺជាមូលហេតុមួយដ៏ចម្បងដែលបង្កឱ្យផ្ទុះឡើងនូវវីរុសបំប្លែងថ្មី Omicron ដ្បិតវ៉ាក់សាំងគឺជាវិធានការដ៏មានប្រសិទ្ធភាពមួយក្នុងការកាត់ ផ្ដាច់ការចម្លង COVID-19។

ជាការពិតណាស់, ចាប់តាំងពីកិច្ចប្រជុំកំពូលកាលពីខែមិថុនា កន្លងទៅនេះ, ក្រុមបណ្ដាប្រទេសអ្នកមាន G7 បានសន្យាថាពិភពលោកទាំងមូលនឹងត្រូវបានចាក់វ៉ាក់សាំងបង្ការ ប្រឆាំង COVID-19 នៅឆ្នាំ២០២២។ ប៉ុន្តែ វិសមភាពនៃការចាក់វ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ នៅតែមានគម្លាតឆ្ងាយដដែល តួយ៉ាងដូចជាតំបន់អាហ្វ្រិក
តែម្ដង។

នៅតាមបណ្ដាប្រទេសអ្នកមាន ឬមានប្រាក់ចំណូលខ្ពស់, អតា្រចាក់វ៉ាក់សាំងបង្ការបានកើនឡើងពី ៤០ភាគរយកាលពីខែមិថុនា ដល់៧៤ភាគរយគិត មកទល់នឹងបច្ចុប្បន្ន ខណៈអត្រាចាក់វ៉ាក់សាំងបង្ការនៅតាមបណ្ដាប្រទេសក្រីក្រ បានកើនឡើងតែ១មួយភាគរយ ដល់៥ភាគរយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ខណៈប្រជាជនពេញវ័យនៅក្នុងបណ្ដា ប្រទេសក្រីក្រចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំង ប្រជាជនពេញវ័យក្នុងប្រទេសមានប្រាក់ចំណូលមធ្យម និងប្រទេសអ្នកមាន បាន និងកំពុងទទួលការចាក់វ៉ាក់សាំងបង្ការដូស ជំរុញទៅហើយ ស្របពេល ៧៣ភាគរយនៃបុគ្គលិកសុខាភិបាលក្នុងតំបន់អាហ្រ្វិក នៅតែគ្មានអាវក្រោះវ៉ាក់សាំងការពារនៅឡើយ។

សហភាពអាហ្វ្រិកបានទិញវ៉ាក់សាំងបង្ការ COVID-19 ជាង៤០០លានដូស ពីក្រុមហ៊ុន Johnson & Johnson ហើយរដ្ឋាភិបាលអាមេរិកបានសន្យាថានឹងផ្ដល់វ៉ាក់សាំង Moderna ចំនួន ១១០លានដូស ក្នុងនោះមាន ៥០លានដូសនឹងត្រូវប្រគល់នៅមុនខែមីនា ឆ្នាំ២០២២។ ប៉ុន្តែ វានៅតែមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់បំពេញតម្រូវការនៃ
ប្រជាជនជាង ១.៣ពាន់លាននាក់ក្នុងតំបន់អាហ្វ្រិក។ សហរដ្ឋអាមេរិកបានប្រគល់វ៉ាក់សាំងត្រឹមតែ២៥ភាគរយប៉ុណ្ណោះ នៃវ៉ាក់សាំងដែលខ្លួនសន្យាផ្ដល់ឱ្យ ហើយសហភាពអឺរ៉ុប បានប្រគល់វ៉ាក់សាំងត្រឹម ១៩ភាគរយ, ចក្រភពអង់គ្លេស ១១ភាគរយ និងប្រទេសកាណាដា បានផ្ដល់វ៉ាក់សាំង ៥ភាគរយ នៃវ៉ាក់សាំងដែលពួកគេបានសន្យា។

ដោយឡែក យន្ដការ COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលធ្លាប់ផ្ដល់ក្ដីសង្ឃឹមថាអាចនឹងចែកចាយវ៉ាក់សាំងបង្ការ ២ពាន់លានដូស នៅត្រឹមខែធ្នូ ឆ្នាំ២០២១ នេះ បច្ចុប្បន្នអាចនឹងប្រគល់វ៉ាក់សាំងបានត្រឹមតែ ៣ភាគ៤ប៉ុណ្ណោះនៃចំនួនវ៉ាក់សាំងទាំងនេះ។ វិសមភាពវ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ មានមួយផ្នែកធំ ត្រូវបានក្រុមអ្នកជំនាញជាច្រើនរិះគន់ថាបណ្ដាលមកពីការស្ដុកទុកវ៉ាក់សាំងលើសតម្រូវការរបស់បណ្ដាប្រទេសអ្នកមាន ដោយក្រុមហ៊ុន Airfinity មានមូលដ្ឋានក្នុងប្រទេស អង់គ្លេសបានប៉ាន់ស្មានថានៅត្រឹមចុងឆ្នាំ២០២១នេះ, វ៉ាក់សាំងបង្ការ COVID-19 ចំនួន ១០០លានដូស ដែលត្រូវបានស្ដុកទុកនៅតាមបណ្ដាប្រទេសជាសមាជិកក្រុមប្រទេស G20 នឹងហួសសុពលភាពប្រើការលែងកើត។

ការបណ្ដោយឱ្យវ៉ាក់សាំងទាំងនេះហួសសុពលភាពប្រើលែងកើត ជាជាងបញ្ជូនទៅឱ្យប្រទេសក្រីក្រ វាគឺជាបញ្ហាដ៏ធំមួយនៃក្រមសីលធម៌ជាមនុស្សជាតិ និងអត្មានិយមដែល កំហុសបែបនេះមិនគួរត្រូវបានបំភ្លេច ឬអត់ឱនឱ្យឡើយ។

គួរបញ្ជាក់ថា នៅចំពោះមុខការលេចឡើងនៃវីរុសបំប្លែងថ្មី Omicron វាបានបង្ហាញកាន់តែច្បាស់ថាដរាបណាករណីឆ្លង COVID-19 នៅតែបន្តឆ្លងរាតត្បាត នោះវីរុសបំប្លែងថ្មី អាចនឹងកើតឡើងជាបន្តបន្ទាប់។ ដូច្នេះ វាចាំបាច់ណាស់ដែលសហគមន៍អន្តរជាតិ ត្រូវធានាឱ្យបានថាបណ្ដាប្រទេសក្រីក្រ ជាពិសេសនៅក្នុងតំបន់អាហ្វ្រិកអាចនឹងមានវ៉ាក់សាំង ចាក់គ្រប់ៗគ្នា ឬទៅតាមចំនួនដែលអ្នកជំនាញបានកំណត់ថាអាចជួយកាត់ផ្ដាច់ការចម្លងជំងឺមួយនេះ៕

ប្រភព៖ CNA (ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១)