(អឺរ៉ុប)៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងទ្វីបអឺរ៉ុប បានកើនឡើងលើស ៧៥លានករណីហើយ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលទ្វីបនេះកំពុងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ចំពេលមន្ទីរពេទ្យនៅក្នុងប្រទេសមួយចំនួន កំពុងមានភាពតានតឹងរួចហើយ ដោយសារការកើនឡើងនៃករណីឆ្លង នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។

ប្រទេសជាង ១៥ នៅទ្វីបអ៊ឺរ៉ុប បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVD-19 បំប្លែងថ្មី Omicron រួចហើយ។ ទីភ្នាក់ងារសុខភាពសាធារណៈរបស់សហភាពអ៊ឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ករណីឆ្លងវីរុសបំប្លែងថ្មី Omicron អាចនឹងមានច្រើនជាងពាក់កណ្តាល នៃករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងទ្វីបអ៊ឺរ៉ុប ក្នុងរយៈពេល ២-៣ខែទៀត។

សូម្បីតែនៅមុនការរកឃើញវីរុសបំប្លែងថ្មី Omicron ក៏ដោយ ក៏ទ្វីបអ៊ឺរ៉ុបបានក្លាយជាចំណុចកណ្តាល នៃការផ្ទុះជំងឺ COVID-19 រលកថ្មីរួចទៅហើយ។ បើតាមទិន្នន័យពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ល្បឿននៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ មានការកើនឡើងយ៉ាងគំហុកក្នុងឆមាសទី ២ នៃឆ្នាំ២០២១នេះ អឺរ៉ុបមើលឃើញករណីឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតជាមធ្យម ៣៥៩,០០០ករណីក្នុងមួយថ្ងៃ (ក្នុងឆមាសទី២) ខណៈករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមានជាមធ្យមតែ ២៤១,០០០ករណីប៉ុណ្ណោះក្នុងមួយថ្ងៃ (ក្នុងឆមាសទី១)។

ដើម្បីដោះស្រាយការកើនឡើងខាងលើនេះ រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបមួយចំនួន បានដាក់កំហិតលើសកម្មភាពមួយចំនួនឡើងវិញ ដោយប្រទេសអូទ្រីស បានដាក់ចេញនូវវិធានការបិទខ្ទប់ទាំងស្រុង ខណៈប្រទេសហូឡង់ ក៏បានដាក់ចេញនូវវិធានការបិទខ្ទប់ផ្នែកខ្លះរបស់ខ្លួនផងដែរ។ ដោយឡែកប្រទេសអាល្លឺម៉ង់ សាធារណរដ្ឋឆែក និងស្លូវ៉ាគី បានដាក់ចេញនូវវិធានការរឹតត្បឹត លើអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានកត់ត្រានូវករណីឆ្លងច្រើនជាងគេ នៅក្នុងតំបន់អឺរ៉ុប, បន្ទាប់មកគឺរុស្ស៊ី បារាំង និងអាល្លឺម៉ង់៕